ដោយ: គង់ លាងហួរ
រីយ៉ាដ: រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ធ្លាប់បានប្រកាសអំពីគម្រោងសាងសង់អគារខ្ពស់កប់ពពកមួយ ដែលមានរាងជាគូប ក្នុងតំបន់ Murabba នៅរាជធានីរីយ៉ាដ ដោយអគារនេះមានឈ្មោះថា Mukaab។
អគារខ្ពស់កប់ពពក នៅអារ៉ាប៊ីសាអូឌីតមួយនេះ គ្រោងនឹងចំណាយថវិកាសា ងសង់អស់ប្រមាណ៤៨ពាន់លានដុល្លារអាមេរិក និងគ្រោងបញ្ចប់នៅត្រឹមឆ្នាំ២០៣០។ តំបន់ Murabba ដែលមានទំហំ១៩គីឡូម៉ែត្រក្រឡា នឹងក្លាយជាមជ្ឈមណ្ឌលថ្មីរបស់រាជធានីរីយ៉ាដ។ តំបន់នេះ នឹងត្រូវអភិវឌ្ឍន៍ជុំវិញអគារ Mukaab ដែលជាស្ថាបត្យកម្មធំជាងគេបំផុតមួយ នៅលើពិភពលោក។
អគារ Mukaab នេះ មានកម្ពស់៤០០ម៉ែត្រ និងបណ្ដោយ និងទទឹងប្រវែង៤០០ម៉ែត្រ។ យោងតាមទស្សនាវដ្ដីនាំមុខគេផ្នែករចនា និងស្ថាបត្យកម្ម Dezeen បានឱ្យដឹងថា នេះគឺជាអគារខ្ពស់ជាងគេបង្អស់នៅក្នុងទីក្រុង និងអាចផ្ទុកប្រជាជនបានរាប់សែននាក់។អគាររាងជាគូបមួយនេះ នឹងសាងសង់ឡើងស្របតាមក្បាច់រចនា ជាទម្រង់ត្រីកោណត្រួតស៊ីគ្នាជាច្រើន ដែលអាគារនេះនឹងបង្ហាញនូវទស្សនទានថ្មី នៃយុគសម័យបច្ចេកវិទ្យាចុងក្រោយ។ រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានប្រកាសបង្កើតក្រុមហ៊ុនNew Murabba Development ដើម្បីប្រែក្លាយតំបន់កណ្ដាលរាជធានីរីយ៉ាដ តាមរយៈការសាងសង់អគារMukaab ដែលនឹងនាំមកនូវបទពិសោធន៍រស់នៅ កន្លែងធ្វើការ និងកំសាន្តដ៏អស្ចារ្យ។
គម្រោងនេះនឹងផ្ដោតលើស្ថិរភាព ដោយមានតំបន់បៃតង ផ្លូវសម្រាប់ថ្មើរជើង និងជិះកង់ ក្នុងគោលបំណងជួយលើកកម្ពស់គុណភាពជីវិត។ តំបន់ Murabba នឹងមានសារមន្ទីរ សាលាមហាវិទ្យាល័យផ្នែកបច្ចេកវិទ្យា និងស្ថាបត្យកម្ម សាលមហោស្រព ទីតាំងកំសាន្ត និងទីតាំងវប្បធម៌ជាង៨០កន្លែង។អគារ Mukaab នឹងមានផ្ទៃជាន់នានា ដែលមានទំហំផ្ទៃក្រឡាសរុបជាង២៥លានម៉ែត្រក្រឡា ដោយមានមនុស្សរស់នៅចំនួន១០៤.០០០គ្រួសារ មានបន្ទប់សណ្ឋាគារចំនួន៩ពាន់បន្ទប់ កន្លែងលក់រាយ មានទំហំសរុប៩៨០.០០០ម៉ែត្រក្រឡា ការិយាល័យទំហំ១,៤លានម៉ែត្រក្រឡា ព្រមទាំងមានទីតាំងកំសាន្ត និងសហគមន៍មូលដ្ឋានផងដែរ។
អគារMukaab គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងធំៗជាច្រើន ដែលបច្ចុប្បន្នកំពុងត្រូវបានស្ថាបនាឡើង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលផ្តល់មូលនិធិដោយមូលនិធិវិនិយោគ សាធារណៈរបស់ខ្លួន និងជាផ្នែកមួយនៃផែនការSaudi Vision 2030 ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេស៕