អារ៉ាប៊ីអាអូឌីតចំណាយប្រាក់៤៨ពាន់លានដុល្លារសាងសង់អគារដ៏ អស្ចារ្យជាមួយនឹងផែនការកាត់បន្ថយការពឹងផ្អែកលើប្រេង

0

ដោយ: គង់ លាងហួរ

រីយ៉ាដ: រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ធ្លាប់បានប្រកាស​អំពី​គម្រោង​សាងសង់​អគារ​ខ្ពស់កប់​ពពក​មួយ​ ដែលមាន​រាង​ជា​គូប ​​ក្នុងតំបន់ Murabba នៅ​រាជធានី​រី​យ៉ា​ដ ដោយអគារនេះមាន​ឈ្មោះថា Mukaab។

អគារខ្ពស់កប់ពពក នៅអារ៉ាប៊ីសាអូឌីតមួយនេះ គ្រោងនឹងចំណាយថវិកាសា ងសង់អស់ប្រមាណ៤៨ពាន់លានដុល្លារអាមេរិក និងគ្រោងបញ្ចប់នៅត្រឹមឆ្នាំ២០៣០។ តំបន់ Murabba ដែលមាន​ទំហំ១៩គីឡូ​ម៉ែត្រក្រឡា នឹង​ក្លាយជា​មជ្ឈមណ្ឌល​ថ្មី​របស់​រាជធានី​រី​យ៉ា​ដ។ តំបន់​នេះ ​នឹងត្រូវ​អភិវឌ្ឍន៍​ជុំវិញ​អគារ Mukaab ដែលជា​ស្ថាបត្យកម្ម​ធំជាងគេ​បំផុត​មួយ ​នៅលើពិភពលោក។

អគារ Mukaab នេះ មាន​កម្ពស់៤០០ម៉ែត្រ និង​បណ្ដោយ និង​ទទឹង​ប្រវែង៤០០ម៉ែត្រ។ យោងតាមទស្សនាវដ្ដីនាំមុខគេផ្នែករចនា និងស្ថាបត្យកម្ម Dezeen បានឱ្យដឹងថា នេះ​គឺជា​អគារ​ខ្ពស់​ជាងគេ​បង្អស់​នៅក្នុង​ទីក្រុង និង​អាចផ្ទុកប្រជាជនបាន​រាប់សែន​នាក់។អគាររាងជាគូបមួយនេះ នឹងសាងសង់ឡើងស្របតាមក្បាច់រចនា ជាទម្រង់ត្រីកោណត្រួតស៊ីគ្នាជាច្រើន ដែលអាគារនេះនឹងបង្ហា​ញ​នូវទស្សនទានថ្មី នៃយុគសម័យបច្ចេកវិទ្យាចុងក្រោយ។ រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានប្រកាស​បង្កើត​ក្រុមហ៊ុនNew Murabba Development ដើម្បីប្រែ​ក្លាយតំបន់​កណ្ដាល​រាជធានី​រី​យ៉ា​ដ តាមរយៈ​ការសាងសង់​អគារ​Mukaab ដែល​នឹង​នាំមក​នូវ​បទពិសោធន៍​រស់នៅ កន្លែងធ្វើការ និង​កំសាន្ត​ដ៏អស្ចារ្យ។

គម្រោង​នេះ​នឹង​ផ្ដោតលើ​ស្ថិរភាព ដោយមាន​តំបន់​បៃតង ផ្លូវ​សម្រាប់​ថ្មើរជើង និង​ជិះ​កង់ ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​គុណភាព​ជីវិត។ តំបន់ Murabba នឹងមាន​សារមន្ទីរ សាលា​មហាវិទ្យាល័យ​ផ្នែក​បច្ចេកវិទ្យា​ និង​ស្ថាបត្យកម្ម សាល​មហោស្រព ទីតាំង​កំសាន្ត និង​ទីតាំង​វប្បធម៌​ជាង៨០កន្លែង។អគារ​ Mukaab នឹងមាន​ផ្ទៃ​ជាន់​នានា​ ដែលមានទំហំផ្ទៃក្រឡាសរុប​​ជាង២៥លាន​ម៉ែត្រក្រឡា ដោយមាន​មនុស្ស​រស់នៅ​ចំនួន១០៤.០០០គ្រួសារ មាន​បន្ទប់​សណ្ឋាគារ​ចំនួន៩ពាន់បន្ទប់ កន្លែង​លក់រាយ ​មាន​ទំហំ​សរុប៩៨០.០០០ម៉ែត្រក្រឡា ការិយាល័យទំហំ១,៤លាន​ម៉ែត្រក្រឡា ព្រមទាំងមានទីតាំង​កំសាន្ត  និង​សហគមន៍​មូលដ្ឋានផងដែរ។

អគារMukaab គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងធំៗជាច្រើន ដែលបច្ចុប្បន្នកំពុងត្រូវបានស្ថាបនាឡើង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលផ្តល់មូលនិធិដោយមូលនិធិវិនិយោគ សាធារណៈរបស់ខ្លួន និងជាផ្នែកមួយនៃផែនការSaudi Vision 2030 ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here