ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តដ៏ធំមួយរបស់ជប៉ុនគ្រោងពង្រីករោងចក្រ បន្ថែមនៅកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកជា វុទ្ឋី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ីនីហ្ស៊ីកា ណាអូតូ នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនស្លូ (Denso) និងក្រុមការងារចូលសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកអគ្គលេខាធិការបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រដល់ក្រុមហ៊ុនជប៉ុនមួយនេះ ដែលមានសកម្មភាពវិនិយោគនៅព្រះរាជណាចក្រកម្ពុជា តាំងពីឆ្នាំ២០១៣ ហើយឆ្នាំនេះផងដែរ។ជាខួបរយៈពេល១០ឆ្នាំ ក្នុងការបង្កើតក្រុមហ៊ុន Denso នៅក្នុងប្រទេ​សកម្ពុជា។លោក អ៊ូនីហ្សីកា ណាអូតូបានជម្រាបជូនលោកអគ្គលេខា​ធិការថា នាពេលបច្ចុប្បន្ន មានកម្មករប្រមាណជាង៥០០នាក់ បាននិងកំពុងបម្រើការងារនៅក្នុងរោងចក្រ Denso ហើយនៅឆ្នាំក្រោយនេះ ក្រុមហ៊ុននឹងមានគម្រោងផ្តល់ ឱកាសការងារបន្ថែមទៀតប្រមាណ៧០០កន្លែង។

លើសពីនេះទៀត លោក អ៊ីនីហ្ស៊ីកា ណាអូតូ បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការ ពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Denso និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រហូតឈានដល់ការចុះអនុស្សារណៈយោគយល់គ្នា ស្ដីពីការអភិវឌ្ឍមូលធនមនុស្ស។ ក្នុងនោះផងដែរ បុគ្គលិកដែលជាវិស្វករចំនួន១០០នាក់ ដែលបាននិងកំពុងបម្រើការ នៅក្នុងរោងចក្រDenso បច្ចុប្បន្នមាន៥០នាក់គឺជាសិស្ស ដែលបានបញ្ចប់ការសិក្សាមកពីសាលាតិចណូ។លោកជា វុទ្ឋីបានសម្តែងនូវការអបអរសាទរ ចំពោះការរីកចំរើនរបស់ក្រុមហ៊ុនដែល ឈានទៅដល់គម្រោងពង្រីករោងចក្រ ជាពិសេ​សការបណ្តុះបណ្តាលមូលធនមនុស្សកម្ពុជា ដើម្បីបង្កើនផលិតភាពរបស់ក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here