ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកជា វុទ្ឋី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ីនីហ្ស៊ីកា ណាអូតូ នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនស្លូ (Denso) និងក្រុមការងារចូលសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកអគ្គលេខាធិការបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រដល់ក្រុមហ៊ុនជប៉ុនមួយនេះ ដែលមានសកម្មភាពវិនិយោគនៅព្រះរាជណាចក្រកម្ពុជា តាំងពីឆ្នាំ២០១៣ ហើយឆ្នាំនេះផងដែរ។ជាខួបរយៈពេល១០ឆ្នាំ ក្នុងការបង្កើតក្រុមហ៊ុន Denso នៅក្នុងប្រទេសកម្ពុជា។លោក អ៊ូនីហ្សីកា ណាអូតូបានជម្រាបជូនលោកអគ្គលេខាធិការថា នាពេលបច្ចុប្បន្ន មានកម្មករប្រមាណជាង៥០០នាក់ បាននិងកំពុងបម្រើការងារនៅក្នុងរោងចក្រ Denso ហើយនៅឆ្នាំក្រោយនេះ ក្រុមហ៊ុននឹងមានគម្រោងផ្តល់ ឱកាសការងារបន្ថែមទៀតប្រមាណ៧០០កន្លែង។
លើសពីនេះទៀត លោក អ៊ីនីហ្ស៊ីកា ណាអូតូ បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការ ពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Denso និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រហូតឈានដល់ការចុះអនុស្សារណៈយោគយល់គ្នា ស្ដីពីការអភិវឌ្ឍមូលធនមនុស្ស។ ក្នុងនោះផងដែរ បុគ្គលិកដែលជាវិស្វករចំនួន១០០នាក់ ដែលបាននិងកំពុងបម្រើការ នៅក្នុងរោងចក្រDenso បច្ចុប្បន្នមាន៥០នាក់គឺជាសិស្ស ដែលបានបញ្ចប់ការសិក្សាមកពីសាលាតិចណូ។លោកជា វុទ្ឋីបានសម្តែងនូវការអបអរសាទរ ចំពោះការរីកចំរើនរបស់ក្រុមហ៊ុនដែល ឈានទៅដល់គម្រោងពង្រីករោងចក្រ ជាពិសេសការបណ្តុះបណ្តាលមូលធនមនុស្សកម្ពុជា ដើម្បីបង្កើនផលិតភាពរបស់ក្រុមហ៊ុន៕