ប្រទេសហ្វីលីពីនគ្រោងចំណាយថវិកា ចេញពីមូលនិធីទើបបង្កើតថ្មី ដើម្បីវិនិយោគទៅលើព្រលានយន្តហោះ និងគម្រោងថាមពល

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធាន និងជានាយកប្រតិបត្តិថ្មីនៃមូលនិធិ Sovereign Wealth Fund (SWF) របស់ប្រទេសហ្វីលីពីន បានបង្ហាញផែនការវិនិយោគទៅលើព្រលានយន្តហោះ និងគម្រោងថាមពលដើម្បីបង្កើតប្រាក់ចំណូលក្នុងរយៈពេលវែង។

លោក Rafael Consing Jr ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Maharlika Investment Corp  បានប្រាប់អ្នកយកព័ត៌មានថា នៅពេលចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំនេះ មូលនិធិនេះ គ្រោងនឹងបង្កើតដើមទុនបន្ថែមទៀតតាមរយៈកម្មវិធី Roadshow នៅក្រៅប្រទេស ដែលផ្តោតគោលដៅលើមូលនិធិសោធននិវត្តន៍បរទេស និងមូលនិធិ SWF ដទៃផ្សេងៗទៀត។

មូលនិធិនេះមានទុនអាជីវកម្ម (Seed money) ចំនួន១០៧ពាន់លានប៉េសូ (ប្រហែល១,៩ពាន់លានដុល្លារ) ពីធនាគាររដ្ឋចំនួន២ និងធនាគារកណ្តាលហ្វីលីពីន។  នៅក្រោមច្បាប់ មូលនិធិSWF នេះនឹងបោះផ្សាយលក់ភាគហ៊ុនបុរិមា និងភាគហ៊ុនទូទៅធម្មតារហូតដល់៥០០ពាន់លានប៉េសូ។

លោក Consing បានបន្តថា ក្រុមហ៊ុន Maharlika បានកំណត់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ កសិ-នគរូបនីយកម្ម សន្តិសុខថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាវិស័យសំខាន់ៗដែលនឹងទទួលបានការគាំទ្រពីមូលនិធិថ្មីនេះ។

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានជំរុញឱ្យមានការបង្កើតមូលនិធិ Sovereign Wealth Fund (SWF) នេះ ដោយចាត់ទុកវាថា ជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

ប្រទេសហ្វីលីពីនមានភាពយឺតយ៉ាវជាងគេនៅក្នុងតំបន់ ក្នុងការបង្កើតមូលនិធិ SWF ដោយបណ្តាប្រទេសជិតខាងដូចជា ឥណ្ឌូនេស៊ីបានចាប់ផ្តើមមូលនិធិ SWFរបស់ខ្លួននៅឆ្នាំ២០២១ ហើយសិង្ហបុរីបានបង្កើតមូលនិធិមួយនេះជាយូរយារណាស់មកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here