ធនាគារកណ្ដាលរបស់មហាយក្សចិន ប្ដេជ្ញាការពារទប់ស្កាត់ហានិភ័យជាប្រព័ន្ធដែលបង្កឡើងចំពោះសេដ្ឋកិច្ច

0

តែម សុខុម

ប៉េកាំង: ធនាគារកណ្ដាលនៃប្រទេសចិន កាលពីថ្ងៃច័ន្ទ ទី២៧ ខែវិច្ឆិកា បានប្រកាសប្ដេជ្ញាថា ខ្លួននឹងការពារទប់ស្កាត់ហានិភ័យជាលក្ខណៈប្រព័ន្ធដែលបង្កឡើងចំពោះសេដ្ឋកិច្ច ហើយនឹងប្រើប្រាស់គោលនយោបាយរូបិយវត្ថុដ៏ម៉ឺងម៉ាត់ និងដែលកំណត់គោលដៅដើម្បីជួយគាំទ្រដល់តម្រូវការក្នុងស្រុកឱ្យកាន់តែប្រសើរ។

នៅក្នុងរបាយការណ៍ស្ដីពីការអនុវត្តគោលនយោបាយប្រចាំត្រីមាសរបស់ខ្លួន ធនាគារកណ្ដាលចិន បានបាក់ចេញការតម្រង់ទិសទូទៅនៃគោលនយោបាយហិរញ្ញវត្ថុ ហើយនិយាយថា ខ្លួននឹងប្រើប្រាស់ឧបករណ៍រូបិយវត្ថុផ្សេងៗដើម្បីធានាបាននូវសន្ទនិយភាពគ្រប់គ្រាន់។

ធនាគារកណ្ដាលនេះបានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិន ពេលនេះកំពុងបង្កើនសន្ទុះ ប៉ុន្តែនៅតែប្រឈមហានិភ័យនានាដូចជាការស្ទុះងើបឡើងគ្មានតុល្យភាពនៃសេដ្ឋកិច្ចសកល និងមូលដ្ឋានគ្រឹះគ្មានស្ថិរភាពសម្រាប់ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចក្នុងស្រុកជាដើម។

រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្ដើមអនុវត្តវិធានការគោលនយោបាយជាច្រើនក្នុងឆ្នាំនេះ ដើម្បីជំរុញការស្ទុះងើបឡើងនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ស្របពេលវិស័យអចលទ្រព្យកំពុងដាំក្បាលចុះរយៈពេលវែង ហានិភ័យបំណុលរបស់រដ្ឋបាលមូលដ្ឋាន ការបង្អង់ល្បឿននៃកំណើនសេដ្ឋកិច្ចសកល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។

ធនាគារនេះនិយាយទៀតថា ខ្លួននឹងចេញសេចក្ដីណែនាំឱ្យបណ្ដាស្ថាប័នហិរញ្ញវត្ថុដោះស្រាយហានិភ័យបំណុលរបស់រដ្ឋបាលមូលដ្ឋាន ហើយបានគូសបញ្ជាក់ថា ការកែប្រែស្ថានភាពសេដ្ឋកិច្ចចិន ឱ្យបានកាន់តែឆាប់រហ័សមានភាពបន្ទាន់ជាខ្លាំង៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here