តែម សុខុម
តូក្យូ: ក្រុមហ៊ុនជប៉ុន Honda នឹងបោះទុនវិនិយោគដល់ទៅ៣,៤ពាន់លានដុល្លារអាមេរិក លើអាជីវកម្មផលិតម៉ូតូអគ្គិសនីនៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា។
ក្រុមហ៊ុននេះបានបង្កើនគោលដៅលក់ម៉ូតូអគ្គិសនីប្រចាំឆ្នាំរបស់ខ្លួនឱ្យឈានដល់៤លានគ្រឿងសម្រាប់ឆ្នាំនោះ ដោយកើនឡើងពីគោលដៅមុនដែលមានចំនួន៣,៥លានគ្រឿង។ក្រុមហ៊ុននេះបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ថា ខ្លួនគ្រោងបញ្ចេញម៉ូតូអគ្គិសនីថ្មីចំនួន៣០ម៉ូឌែលទូទាំងពិភពលោកនៅត្រឹមឆ្នាំ២០៣០ ហើយនឹងចាប់ផ្ដើមដំណើរការរោងចក្រផលិតម៉ូតូអគ្គិសនីទូទាំងពិភពលោកចាប់ពីឆ្នាំ២០២៧។
ក្រុមហ៊ុននេះនិយាយទៀតថា បច្ចេកវិទ្យាថ្មីនឹងជួយកាត់បន្ថយរយៈពេលនៃខ្សែសង្វាក់ដំឡើងបានប្រមាណ៤០%។ក្រុមហ៊ុននេះគូសបញ្ជាក់ថា ប្រទេសឥណ្ឌា និងតំបន់អាស៊ាន គឺជាកន្លែងដែលខ្លួនមានគោលដៅពង្រីកទីផ្សាររបស់ខ្លួន។
លោក Daiki Mihara ប្រធានផ្នែកអភិវឌ្ឍន៍ម៉ូតូអគ្គិសនីនៃក្រុមហ៊ុន Honda បានលើកឡើងថា រោងចក្រផលិតម៉ូតូថ្មីៗទំនងជាស្ថិតនៅក្នុងប្រទេសឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Honda បន្ថែមថា ខ្លួនបាននិងកំពុងអភិវឌ្ឍអាគុយលីចូមហ្វេរ៉ូផូស្វាត (Lithium Ferro-Phosphate Battery) ហើយគ្រោងយកអាគុយនេះមកប្រើប្រាស់នៅឆ្នាំ២០២៥៕ Japan Times ៕