តើជនជាតិណាកាន់កាប់លំនៅដ្ឋានច្រើនជាងគេនៅក្នុងប្រទេស កូរ៉េខាងត្បូង

0

ដោយ: គង់ លាងហួរ

សេអ៊ូល: យោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ បានបង្ហាញថា ជនបរទេសជាង៨៥.០០០នាក់ បានកាន់កាប់ផ្ទះនៅប្រទេសកូរ៉េខាងត្បូង ដោយជនជាតិចិន បានកាន់កាប់ជាងពាក់កណ្តាល នៃចំនួនផ្ទះសរុប ក្នុងចំណោមជនបរទេសផ្សេងទៀត។

យោងតាមទិន្នន័យដែលចងក្រងឡើង ដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឱ្យដឹងថា ជនជាតិបរទេសសរុបចំនួន៨៥.៣៥៨នាក់ បានកាន់កាប់ផ្ទះនៅប្រទេសកូរ៉េខាងត្បូង គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣នេះ ដោយកើនឡើង៤,៦ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។តាមទិន្នន័យពីប្រភពខាងលើបានបង្ហាញទៀតថា ជិត៩៣,៥ភាគរយនៃជនបរទេសសរុប មានកម្មសិទ្ធិលើផ្ទះតែមួយគត់នៅប្រទេសកូរ៉េខាងត្បូង ខណៈដែល៥,២ភាគរយ នៃជនបរទេសកាន់កាប់ផ្ទះចំនួន២។

បណ្តាជនបរទេសទាំងនោះ បានកាន់កាប់ផ្ទះសរុបចំនួន៨៧.២២៣ខ្នង ដែលស្មើនឹង០,៤៦ភាគរយ នៃចំនួនផ្ទះទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ក្នុងចំណោមផ្ទះសរុបចំនួន៨៧.២២៣ខ្នង ក្នុងនោះ ជនជាតិចិនមានផ្ទះចំនួន៤៧.៣២៧ខ្នង ឬ៥៤,៣ភាគរយ ខណៈដែលជនជាតិអាមេរិកមានផ្ទះចំនួន២០.៤៦៩ខ្នង ឬ២៣,៥ភាគរយ ជនជាតិកាណាដាមានផ្ទះចំនួន៥.៩៥៩ខ្នង ឬ៦,៨ភាគរយ និងជនជាតិតៃវ៉ាន់មានផ្ទះចំនួន៣.២៨៦ខ្នង ឬ៣,៨ភាគរយ។

ជាង៧៣ភាគរយនៃផ្ទះសរុប ដែលកាន់កាប់ដោយជនបរទេសមានទីតាំង នៅក្នុងតំបន់ទីក្រុងសេអ៊ូល ដោយក្នុងនោះ៣៨ភាគរយនៅក្នុងខេត្ត Gyeonggi ២៥,៦ភាគរយនៅទីក្រុងសេអ៊ូល និង៩,៧ភាគរយនៅទីក្រុងអ៊ីនឈុន។

ក្រសួង​ដែនដី​កូរ៉េខាងត្បូងបាន​អះអាងថា ខ្លួន​នឹង​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ​លើ​ការ​ជួញដូរ​អចលនទ្រព្យ​របស់​ជនបរទេស ​ក្នុង​ប្រទេស​របស់ខ្លួន ដើម្បី​បង្ក្រាប​ករណី​ទិញដីធ្លីទុកលក់ចំណេញ៕Yonhap៕

LEAVE A REPLY

Please enter your comment!
Please enter your name here