តែម សុខុម
ស្វីស: រដ្ឋាភិបាលស្វីស បានទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី០១ ធ្នូ ថា ប្រទេសស្វីស បានបង្កកទ្រព្យសកម្មហិរញ្ញវត្ថុរបស់ជនជាតិរុស្ស៊ី ចំនួន៨,៨១ពាន់លានដុល្លារអាមេរិក ក្រោមទណ្ឌកម្មដាក់លើក្រុងមូស្គូ ចំពោះការបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។
តួលេខបណ្ដោះអាសន្ននេះបង្ហាញពីការកើនឡើងតិចតួចពីចំនួន៧,៥ពាន់លានដុល្លារ ដែលរដ្ឋាភិបាលស្វីស និយាយថា ខ្លួនបានបង្កកកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសអាព្យាក្រឹតមួយនេះបានអនុវត្តទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលដាក់លើប្រទេសរុស្ស៊ី។
រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច (State Secretariat for Economic Affairs) ជាទីភ្នាក់ងារមើលការខុសត្រូវលើទណ្ឌកម្មនិយាយថា តួលេខ៨,៨១ពាន់លានដុល្លារ នេះគ្រាន់តែជាការប៉ាន់ប្រមាណចុងក្រោយរបស់ខ្លួនប៉ុណ្ណោះ ហើយអាចនឹងមានការប្រែប្រួល។
តួលេខដែលមានភាពសុក្រឹតត្រឹមត្រូវជាងនេះត្រូវបានរំពឹងថានឹងចេញនៅដំណាច់ឆមាសទី២ ឆ្នាំ២០២៤ ជាពេលដែលបណ្ដាធនាគារស្វីស ត្រូវរាយការណ៍ទៅរដ្ឋាភិបាលស្វីស។
ការកើនឡើងនូវទ្រព្យសម្បត្តិដែលត្រូវបានបង្កក គឺដោយសារមនុស្សចំនួន៣០០នាក់ និងក្រុមហ៊ុន ព្រមទាំងអង្គភាពចំនួន១០០ត្រូវបានដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីទណ្ឌកម្មក្នុងរយៈពេល១២ខែមកនេះ៕ Reuters ៕