ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការអភិវឌ្ឍលំនៅដ្ឋានជាលក្ខណៈបុរី ខុនដូ និងសំណង់ផ្ទះល្វែងបាននិងកំពុងដំណើរការទៅមុខយឺតៗ ខណៈម្ចាស់បុរីមួយចំនួនបានដួលរលំ។តើអ្នកអភិវឌ្ឍន៍បុរីបែបណា អាចឈរជើងក្នុងទីផ្សារ នៅឆ្នាំ២០២៤ខាងមុខ?។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ឆ្នាំ២០២៣នេះគឺជាឆ្នាំចុងក្រោយ នៃវិបត្តិសេដ្ឋកិច្ច ហើយលោកបានអះអាងថា នៅក្នុងវិបត្តិតែងតែមានឱកាស តែឱកាសនោះពុំមែន មានសម្រាប់មនុស្សគ្រប់គ្នានោះទេ ពោលគឺឱកាសមានសម្រាប់តែអ្នកអភិវឌ្ឍន៍ណា ដែលមានដើមទុនគ្រប់គ្រាន់ បទពិសោធន៍ កេរ្តិ៍ឈ្មោះ ចំណេះដឹង និងជំនាញច្បាស់លាស់ អាចឈរជើងជាប់ដល់ឆ្នាំ២០២៤ ខណៈមនុស្សដែលពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងក្ស័យធន។លោកបណ្ឌិតបានបញ្ជាក់ថា “សម្រាប់អ្នកអភិវឌ្ឍន៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយអាចឈរជើងដល់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ឱកាសនឹងមកដល់ ហើយអាចរកប្រាក់ចំណូលបានច្រើន ព្រោះការប្រកួតប្រជែងមានតិចជាងមុន ក្រោយពីមនុស្សដែលពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បោះបង់ចោលពាក់កណ្តាលទី”។
អ្នកអភិវឌ្ឍន៍បុរីវិមានសំណាងរូបនេះ បានឱ្យដឹងទៀតថា មុនពេលផ្ទុះវិបត្តិកាលពី៤ឆ្នាំមុន គេសង្កេតឃើញថា មានគម្រោងអភិវឌ្ឍន៍ជាច្រើនបានរីកដុះដាលយ៉ាងខ្លាំង ប៉ុន្តែក្រោយផ្ទុះវិបត្តិរួចមក គម្រោងជាច្រើនបានជាប់គាំង និងរហូតដល់ថ្នាក់បាត់ឈ្មោះតែម្តង។ ដូច្នេះ ប្រជាជនកម្ពុជា កាន់តែអាចយល់ច្បាស់បានថា ម្ចាស់គម្រោងដែលអាចឈរជើងបន្ត ដល់ឆ្នាំ២០២៤ខាងមុខគឺជាអ្នកខ្លាំង និងអាចជឿទុកចិត្តបាន។លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា “កាលពីមុន ខ្ញុំគិតថា ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៣នេះ អាចនឹងល្អប្រសើរជាងឆ្នាំ២០២២ ប៉ុន្តែផ្ទុយទៅវិញ បញ្ហាបានកើតឡើងជាបន្តបន្ទាប់ និងមិនអាចគ្រប់គ្រងបាន”។
លោកឧកញ៉ាបណ្ឌិតលើកឡើងថា ឆ្នាំ២០២៤ខាងមុខអាចជាឆ្នាំល្អច្រើន ព្រោះបញ្ហាអវិជ្ជមាននានា ដូចជា សង្គ្រាម ជំងឺកូវីដ បានកើតឡើងរួចអស់ហើយនៅឆ្នាំ២០២៣នេះ រីឯការបោះឆ្នោតក៏បានរៀបចំហើយដែរ”៕