ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃចន្ទ ទី៤ ខែធ្នូ បានបញ្ជូនសញ្ញាព្រមានជាបន្ទាន់ ទៅកាន់សភាអាមេរិក អំពីតម្រូវការក្នុងការអនុម័តជំនួយយោធា និងជំនួយសេដ្ឋកិច្ចរាប់សិបពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន។
រដ្ឋបាលរបស់លោកចូ បៃដិន បានអះអាងថា កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងគៀវ ដើម្បីការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី អាចនឹងថយចុះបន្តិចម្តងៗ ឬបាត់បង់សន្ទុះ ប្រសិនបើគ្មានជំនួយទាំងនេះ។
យោងតាមសារលិខិតមួយ ដែលបានផ្ញើជូនថ្នាក់ដឹកនាំសភា និងព្រឹទ្ធសភា និងបានចេញផ្សាយជាសាធារណៈ លោកស្រី Shalanda Young នាយកការិយាល័យគ្រប់គ្រង និងថវិកា បានព្រមានថា សហរដ្ឋអាមេរិក នឹងអស់ថវិកាក្នុងការបញ្ជូនសព្វាវុធ និងជំនួយទៅអ៊ុយក្រែននៅចុងឆ្នាំនេះ។
លោកស្រីបានបន្ថែមថា “សហរដ្ឋអាមេរិក បានអស់លុយហើយ ដែលខ្លួនបានប្រើ ដើម្បីជំរុញសេដ្ឋកិច្ចអ៊ុយក្រែន ហើយប្រសិនបើសេដ្ឋកិច្ចអ៊ុយក្រែនដួលរលំ នោះពួកគេនឹងមិនអាចបន្តប្រយុទ្ធគ្នាបានឡើយ។
លោកស្រី Shalanda Young បានសរសេរក្នុងសារលិខិតផ្ញើជូនថ្នាក់ដឹកនាំសភា និងព្រឹទ្ធសភាថា “យើងអស់លុយហើយ និងជិតអស់ពេលវេលាហើយ”។
សភាអាមេរិកបានបែងចែកថវិកា ចំនួន១១១ពាន់លានដុល្លារអាមេរិករួចមកហើយ ដើម្បីជួយដល់អ៊ុយក្រែន ក្នុងនោះថវិកា៦៧ពាន់លានដុល្លារសម្រាប់លទ្ធកម្មយោធា។ ថវិកាចំនួន២៧ពាន់លានដុល្លារសម្រាប់ជំនួយសេដ្ឋកិច្ច និងស៊ីវិល និង១០ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌។
លោកស្រីសរសេរថា “ថវិកា ដែលសភាបានបែងចែកចំនួន១១១ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់អ៊ុយក្រែន នៅសេសសល់ប្រហែល៣ភាគរយនៃមូលនិធិយោធា ហើយក្រៅពីនោះត្រូវបានប្រើប្រាស់អស់នៅត្រឹមពាក់កណ្តាលខែវិច្ឆិកា”។
រដ្ឋបាលលោក ចូ បៃដិន បាននិយាយថា ខ្លួនបានពន្យឺតល្បឿននៃការផ្តល់ជំនួយយោធាមួយចំនួនដល់ទីក្រុងគៀវ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីព្យាយាមពន្យារផ្គត់ផ្គង់ រហូតដល់សភាអនុម័តលើការផ្តល់មូលនិធិបន្ថែមទៀត។
លោកស្រី Shalanda Young បានសរសេរទៀតថា “យើងអស់លុយដើម្បីគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធ។ នេះពុំមែនជាបញ្ហានៅឆ្នាំក្រោយទេ។ ពេលវេលាដើម្បីជួយប្រជាធិបតេយ្យ អ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី គឺនៅពេលនេះ។ ដូច្នេះ វាដល់ពេលហើយដែលសភាត្រូវធ្វើសកម្មភាព”៕AP៕