ដោយៈ ហ្វីអូណា
ភ្នំពេញៈ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោកសួន សុផល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិន ដែលប្រកបរបរលើវិស័យថាមពលបៃតង ក្នុងគោលបំណងបញ្ជ្រាប ការឈ្វេងយល់អំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគ ព្រមទាំងពិគ្រោះយោបល់អំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ។
ក្នុងជំនួបនេះ លោកសួន សុផលបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះគណៈប្រតិភូចិន ដែលបានអញ្ជើញធ្វើដំណើរមកកាន់ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយផ្ទាល់ ក្នុងគោលដៅស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។
លោកបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពឱ្យបានច្បាស់លាស់ ហើយធ្វើការឱ្យបានជិតស្និទ្ឋ ជាមួយតួអង្គពាក់ព័ន្ធសម្រាប់ទទួលបានការគាំទ្រ សម្រាប់ការវិនិយោគក្នុងវិស័យថាមពលបៃតងនេះ ដោយហេតុថាវិស័យថាមពលបៃតង ជាវិស័យដែលរាជរដ្ឋាភិបាល បានចាត់ទុកជាអាទិភាព នៅក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងទទួលបានការលើកទឹកចិត្តជាធរមាន ស្របតាមច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ។
លោកបានបង្ហាញជំនឿចិត្តថា គណៈប្រតិភូនឹងពិនិត្យលទ្ធភាពច្បាមយកឱកាស ដើម្បីចាប់យកទីផ្សារ ដែលពោរពេញដោយថាមវន្ត ក៏ដូចជាធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានការអនុញ្ញាតវិនិយោគ ក្នុងវិស័យប្រកបដោយនវានុវត្តន៍នេះ។
ជាការឆ្លើយតប សមភាគីបានថ្លែងអំណរគុណជូន ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់សេវាពិគ្រោះយោបល់ ប្រកបដោយទំនុកចិត្ត និងភាពកក់ក្តៅ ហើយគណៈប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយម ក្នុងការចាប់ផ្តើមសិក្សាសមិទ្ធិលទ្ធភាព ឱ្យកាន់តែស៊ីជម្រៅដើម្បីបណ្តាក់ទុនវិនិយោគនាពេលដ៏ខ្លីខាងមុខ៕