អតិថិជនមកពីប្រទេសចិន និងទីក្រុងហុងកុងសម្រុកប្រមូលទិញលំនៅដ្ឋានថ្លៃៗ នៅក្នុងប្រទេសអូស្ត្រាលី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមភ្នាក់ងារអចលនទ្រព្យបានឱ្យដឹងថា អតិថិជន ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងចិនដីគោកកំពុងសម្រុកប្រមូលទិញលំនៅដ្ឋានថ្លៃៗក្នុងប្រទេសអូស្ត្រាលី បើទោះបីជាអត្រាការប្រាក់ និងតម្លៃផ្ទះនៅទីនោះមានការហក់ឡើងខ្ពស់យ៉ាងណាក្តី។

ជាក់ស្តែង តម្លៃផ្ទះជាមធ្យមនៅក្នុងទីក្រុងធំៗមួយចំនួនរបស់ប្រទេសអូស្ត្រាលីបានកើនឡើងប្រហែល១ភាគរយ នៅក្នុងខែតុលា ធៀបនឹងខែកញ្ញា។ នេះបើយោងតាមក្រុមហ៊ុនផ្តល់សេវាទិន្នន័យអចលនទ្រព្យនៅក្នុងប្រទេសអូស្ត្រាលី និង នូវែលសេឡង់ ដែលមានឈ្មោះថា CoreLogic។

លោក Daniel Ho សហស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមនៃគេហទំព័រចុះបញ្ជីអចលនទ្រព្យ Juwai IQI បានអះអាងថា នៅតាមទីក្រុងមួយចំនួន ដូចជាទីក្រុង Perth ទីក្រុង Brisbane និងទីក្រុង Adelaide តម្លៃផ្ទះគឺស្ថិតនៅកម្រិតខ្ពស់បំផុត ដោយបានកើនឡើងរហូតដល់ទៅ១១ភាគរយក្នុងរយៈពេល១២ខែកន្លងមកនេះ។

ការកើនឡើងនៃតម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើតឡើង ខណៈដែល កាលពីខែវិច្ឆិកា ធនាគារកណ្តាលអូស្ត្រាលីបានដំឡើងអត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋានបន្ថែម ដើម្បីគ្រប់គ្រងបញ្ហាអត្រាអតិផរណា ដែលមិនទាន់ធ្លាក់ចុះដល់គោលដៅប្រចាំឆ្នាំចន្លោះពី២%ដល់៣%។

ទោះជាយ៉ាងនេះក្តី អតិថិជនបរទេស រួមទាំងអតិថិជនមកពីទីក្រុងហុងកុង និងចិនដីគោក បានសម្រុកទិញលំនៅដ្ឋាននៅប្រទេសអូស្ត្រាលី ដោយមិនខ្វាយខ្វល់អំពីការកើនឡើងនៃអត្រាការប្រាក់ និងតម្លៃផ្ទះនោះឡើយ។

លោក Peter Li អ្នកគ្រប់គ្រងទូទៅនៃភ្នាក់ងារអចលនទ្រព្យ Plus Agency បានអះអាងថា ថ្មីៗនេះ អ្នកទិញម្នាក់មកពីទីក្រុងហុងកុងបានបង់ប្រាក់ចំនួន៣,៨លានដុល្លារអូស្ត្រាលី (ប្រហែល២,៥លានដុល្លារអាមេរិក) សម្រាប់ទិញផ្ទះល្វែងដែលមានបន្ទប់គេងចំនួន៤ នៅទីក្រុងស៊ីដនី។

លោក Ken Jacobs ភ្នាក់ងារអចលនទ្រព្យប្រណីត ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនីបានគូសបញ្ជាក់ឱ្យដឹងថា “លោកបានចរចាលើការទិញអចលនទ្រព្យសំខាន់ៗជាច្រើនសម្រាប់អតិថិជនមកពីប្រទេសចិន និងហុងកុង ដែលទើបតែទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសអូស្ត្រាលី”៕South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here