ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ សហភាពអឺរ៉ុប បានបើកផ្តល់ហិរញ្ញប្បទានសហ-ប្រតិបត្តិការចំនួន៨៨លានដុល្លារក្នុងឆ្នាំ២០២៣ ដើម្បីគាំទ្រការអនុវត្តគម្រោង ក្នុងវិស័យសំខាន់ៗ រួមមាន វិស័យកសិកម្ម បរិស្ថាន ឧស្សាហកម្ម អប់រំ ពាណិជ្ជកម្ម និងវិស័យឯកជន។
ការលើកឡើងឲ្យដឹងបែបនេះរបស់លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ទើបតែតែងតាំងថ្មី នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នំា២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងសហភាពអឺរ៉ុប ក៏ដូចជា ផ្លាស់យោបល់ និងបទពិសោធន៍ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនាពេលអនាគត។
ទន្ទឹមនឹងនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប ដែលបានបន្តបេ្តជ្ញាផ្តល់ការគាំទ្រដល់កម្ពុជា ពិសេសសមិទ្ធផលសម្រេចបាន ក្នុងការអនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
លោកទេសរដ្ឋមន្ដ្រី ក៏បានកោតសរសើរចំពោះសហភាពអឺរ៉ុប សម្រាប់គំនិតផ្តួចផ្តើមក្រុមអឺរ៉ុប ដែលជាយន្តការសំខាន់ក្នុងការជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសកម្ពុជា ក្នុងការទាក់ទាញការវិនិយោគប្រកបដោយចីរភាព។ ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកឯកអគ្គរដ្ឋទូត Igor Driesmans បានថ្លែងអំណរគុណ និងសម្តែងនូវសេចក្តី សោមនស្សរីករាយ ក្នុងការបានបំពេញមុខងារជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងវឌ្ឍនភាពសម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងកោតសរសើរ ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបន្តផ្តល់កិច្ចសហការ និងភាពជាដៃគូយ៉ាងល្អប្រសើរកន្លងមក។
ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន លោកទេសរដ្ឋមន្ត្រី អំពីវឌ្ឍនភាពនៃដំណើរការយុទ្ធសាស្ត្ររួម របស់អឺរ៉ុបឆ្នាំ២០២១-២០២៧ កម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ថ្មីឆ្នាំ២០២១-២០២៧ និងគំនិតផ្តួចផ្តើម Team Europe ព្រមទាំងចក្ខុវិស័យរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយកម្ពុជា នៅពេលអនាគត។
សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍មួយ ដ៏សំខាន់របស់កម្ពុជា។ យោងតាមទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា (Cambodia ODA Database) គិតចាប់ពីឆ្នាំ ១៩៩២ ដល់ ២០២២ សហភាពអឺរ៉ុប បានបើកផ្តល់ហរិញ្ញប្បទានសហប្រតិបត្តិការប្រមាណ ១.៤៣០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង៤,៩% នៃហិរញ្ញប្បទានផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់៕