ទីក្រុងហុងកុង ប្រកាសមហិច្ឆិតាប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនឈានមុខគេរបស់ពិភពលោក

0

ដោយ: គង់ លាងហួរ

ហុងកុង: រដ្ឋបាលទីក្រុងហុងកុង បានដាក់ចេញផែនការសកម្ម​ភាពអភិវឌ្ឍន៍ភស្តុភារទំនើប ដើម្បីបង្កើតកំពង់ផែ ដែលមិនប៉ះពាល់បរិស្ថាន លើកកម្ពស់សេវាកម្មដែនសមុទ្រ ដែលមានតម្លៃខ្ពស់ និងទាក់ទាញអ្នកមានទេពកោសល្យកំពូលៗ។

គំនិតផ្តួចផ្តើមខាងលើនេះ មានគោលបំណងពង្រឹងឋានៈរបស់ទីក្រុងហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូនឈានមុខគេ នៅលើពិភពលោក។

រដ្ឋបាលក្រុងហុងកុង បានគូសបញ្ជាក់ឡើងវិញ ពីទីតាំងភូមិ​សាស្រ្ត ដ៏មានសារៈប្រយោជន៍របស់ខ្លួន ភាពរឹងមាំនៃស្ថាប័ន សេដ្ឋកិច្ចសេរី និងបទពិសោធន៍ដ៏សម្បូរបែបរបស់ខ្លួន ក្នុងពាណិជ្ជកម្មអន្តរជាតិ ដោយសង្កត់ធ្ងន់ថា គោលដៅចុងក្រោយ គឺដើម្បីរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។យោងតាមគំរូនៃការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិន ការជំរុញឱ្យមានការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ សំដៅធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពច្នៃប្រឌិត ប្រសិទ្ធភាព និងនិរន្តរភាព គឺជាកិច្ចការសំខាន់បំផុត ក្នុងការកសាងប្រទេសសង្គមនិយមទំនើបមួយ នៅពាក់កណ្តាលសតវត្សរ៍។

តាមរយៈផែនការមេខាងលើ រដ្ឋបាលហុងកុងបានដាក់ចេញកម្មវិធីដើម្បីអភិវឌ្ឍកំពង់ផែបៃតង និងឆ្លាតវៃ ហើយរដ្ឋាភិបាលនឹងសិក្សាពីលទ្ធភាព ក្នុងការផ្តល់មេតាណុលបៃតង និងថាមពលស្អាតផ្សេងទៀត សម្រាប់ទាំងនាវាក្នុងស្រុក និងនាវាធ្វើដំណើរតាមសមុទ្រ។

ជាមួយគ្នានេះ រដ្ឋបាលហុងកុង ក៏នឹងចាក់បញ្ចូលទឹកប្រាក់ចំនួន២០០លានដុល្លារហុងកុង (២៥,៥លានដុល្លារអាមេរិក) ទៅក្នុងមូលនិធិបណ្តុះបណ្តាលដែនសមុទ្រ និងអាកាសចរណ៍ ដើម្បីពង្រឹងកម្មវិធីបណ្តុះបណ្តាលនៅនឹងកន្លែងធ្វើការ និងកម្មវិធីអប់រំបន្ត ក្នុងគោលដៅបង្កើនការយល់ដឹងអំពីការអភិរក្សបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោ​យចីរភាពក្នុងចំណោមនិយោជក និងនិយោជិតរបស់ក្រុមហ៊ុនខ្នាតតូច និងមធ្យម ដែលនឹងចាប់ផ្តើមពីឆ្នាំ២០២៤។

ម្យ៉ាងវិញទៀត អាជ្ញាធរហុងកុង នឹងបញ្ចប់ដំណើរការត្រួតពិនិត្យឡើងវិញលើទីតាំងកំពង់ផែ និងថ្លៃអាជ្ញាប័ណ្ណ ដែលកប៉ាល់ធ្វើដំណើរតាមសមុទ្រ និងកប៉ាល់ពាណិជ្ជកម្មតាមដងទន្លេរ ត្រូវបង់ជូនរដ្ឋបាលក្រុង។

​ចំណែក វិធានការផ្សេងទៀត រួមមានការស្វែងរកសម្បទានពន្ធបន្ថែម ការប្រកួតប្រជែងសម្រាប់ប្រភពទំនិញថ្មី សម្រួលការចុះបញ្ជីការដឹកជញ្ជូន និងការជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់​Greater Bay Area(ក្វាងទុង-ហុងកុង-ម៉ាកាវ)៕China Daily៕

LEAVE A REPLY

Please enter your comment!
Please enter your name here