តើទីផ្សារដីធ្លីនៅប្រទេសវៀតណាម ថៃ និងឥណ្ឌូនេស៊ីស្ថានភាព បែបណាក្នុងឆ្នាំនេះ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រសិនបើយើងនិយាយអំពីវិស័យអចលនទ្រព្យ នោះយើងជាក់ជានឹកឃើញភ្លាម ដល់ផ្នែកខុនដូ ឬអាផាតម៉ិន ប៉ុន្តែក្នុងនោះ ផ្នែកដីឡូតិ៍ក៏ទទួលបានការចាប់អារម្មណ៍ ពីអ្នកវិនិយោគគួរឱ្យកត់សម្គាល់ផងដែរ ព្រោះហាងឆេងដី អាចមានការប្រែប្រួលខ្លាំង អាស្រ័យលើកត្តាជាច្រើន។

ដូច្នេះហើយ ខាងក្រោមនេះគឺជាការសិក្សាស្រាវជ្រាវ និងចងក្រងចំណុចមួយចំនួន ទាក់ទងនឹងទីផ្សារដីធ្លីនៅតំបន់អាស៊ាន៖

ទី១: ប្រទេសវៀតណាម
យោងតាមគេហទំព័រអចលនទ្រព្យ លំដាប់លេខ១របស់វៀតណាម Batdongsan.com បានឱ្យដឹងថា ការលក់ឡាយឡុងដីឡូតិ៍បានថយចុះ នៅក្នុងឆមាសទី២ ឆ្នាំ២០២៣ ហើយផ្នែកនេះនៅតែមានប្រជាប្រិយភាពបំផុត នៅលើទីផ្សារអចលនទ្រព្យ។

លោក Dinh Minh Tuan នាយកតំបន់ភាគខាងត្បូងរបស់គេហទំព័រ Batdongsan បានអះអាងថា ការបង្ហោះលក់ឡាយឡុងដីឡូតិ៍ នៅលើគេហទំព័រBatdongsan បានធ្លាក់ចុះយ៉ាងខ្លាំងគិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣នេះមក។ លោក​បានបន្ត​ថា​ ផ្នែក​ដីឡូតិ៍នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​ចំណោម​អ្នក​វិនិយោគ​។

យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ ដោយគេហទំព័រ Batdongsan បានបង្ហាញថា មួយភាគបីនៃអ្នកចូលរួមបានឆ្លើយថា ពួកគេភាគច្រើន ចាប់អារម្មណ៍លើផ្នែកដីធ្លី នៅឆ្នាំ២០២៤  ដោយ៣០%នៃអ្នកចូលរួមជឿជាក់ថា ទីផ្សារដីធ្លីនឹងងើបឡើងវិញនៅត្រីមាសទីមួយឆ្នាំក្រោយ។

លោក Tuan បានពន្យល់ថា ទោះបីជាតម្លៃដីមានស្ថិរភាពយ៉ាងណាក្តី ប៉ុន្តែទំហំនៃការជួញដូរដីធ្លី មិនបានត្រឡប់ទៅកាន់កម្រិតមុនជំងឺកូវីដនោះទេ ដែលបណ្តាលមកពីកង្វះសាច់ប្រាក់ ងាយស្រួលក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។

លោកបានបន្ថែមថា ក្នុងចំណោមឈ្មួញកណ្តាលអចលនទ្រព្យជាង៥០០នាក់ ដែលបានចូលរួមក្នុងការស្ទង់មតិខាងលើនេះ ក្នុងនោះ៤០%នៃពួកគេ បានដឹងថា ចំនួននៃប្រតិបត្តិការទិញ-លក់ដីធ្លីបានធ្លាក់ចុះក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។

ទី២: ប្រទេសថៃ
តម្លៃដីធ្លីនៅក្នុងទីក្រុងបាងកក និងតំបន់ជាយក្រុង ដែលមានប្រជាពលរដ្ឋសរុបប្រមាណ១០លាននាក់ ត្រូវបានស្ថាប័នជំនា​ញថៃអះអាងថា នៅតែបន្តកើនឡើង ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាកើនឡើង នៅក្នុងល្បឿនមួយដ៏យឺត បើធៀបនឹងមុនមានវិបត្តិជំងឺកូវីដ-១៩ ។

បច្ចុប្បន្នដី ដែលថ្លៃបំផុតនៅទីក្រុងបាងកក គឺមានតម្លៃប្រមាណជា២៥.០០០ដុ​ល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលដីនៅជាយក្រុង អាចមានតម្លៃប្រមាណ៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

យោងតាមសារព័ត៌មាន The Nation បានចុះផ្សាយថា តម្លៃដីនៅទីក្រុងបាងកក និងជាយក្រុងបាងកក បានកើនឡើងខ្ពស់នៅក្នុងត្រីមាសទី២នៃឆ្នាំនេះ ប៉ុន្តែក្នុងល្បឿនយឺតជាង ធៀបនឹងត្រីមាសទីមួយ និងយឺតជាងឆ្នាំមុន។

លោក Vichai Viratkapan នាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ(REIC) បានលើកឡើងថា សន្ទស្សន៍តម្លៃដី ដែលគ្មានការសាងសង់អគារនៅទីក្រុងបាងកក និងជាយក្រុងបាងកក ក្នុងត្រីមាសទីពីរឆ្នាំនេះ ស្ថិតក្នុងរង្វង់១៧៦,៥ពិន្ទុ ដោយកើនឡើងជាង ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែបើធៀបនឹងត្រីមាសទី១ គឺបានធ្លាក់ចុះ២,៤% ។

ទី៣: ប្រទេសឥណ្ឌូនេស៊ី
គិតនៅត្រឹមត្រីមាសទីពីរនៃឆ្នាំ២០២៣នេះ ដីធ្លី ដែលស្ថិតក្នុងតំបន់ឧស្សាហកម្មនៅទីក្រុងហ្សាកាតា មានតម្លៃជាមធ្យមប្រមាណ៥,៧៥លានរូពៀ(ប្រហែល៣៧១ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។

ហ្សាការតាគឺជារដ្ឋធានី និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេ​សឥណ្ឌូណេស៊ី។ ដូច្នេះហើយ វាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលតម្លៃដីជាមធ្យមនៅទីនោះ គឺមានកម្រិតខ្ពស់ជាងខ្លាំង បើប្រៀបធៀបទៅនឹងតំបន់ដាច់ស្រយាលផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here