ប៉ូលីសវៀតណាមបានចាប់ឃុំខ្លួនអនុរដ្ឋមន្ត្រីក្រសួងមួយរូបពីបទពុករលួយ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋមិនត្រឹមត្រូវ

0

ដោយ: គង់ លាងហួរ

ហាណូយៈ មន្ត្រីជាន់ខ្ពស់របស់វៀតណាមម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ពីបទស៊ីសំណូកសូកប៉ាន់ ការរំលោភអំណាច និងការគ្រប់​គ្រងទ្រព្យសម្បត្តិរដ្ឋមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងក្រុមហ៊ុនពាណិជ្ជកម្មប្រេង។

យោងតាមក្រសួងសន្តិសុខ របស់ប្រទេសវៀតណាមបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ថា ប៉ូលីសវៀតណាមបានចាប់ខ្លួនអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោកDo Thang Hai ក្រោមការចោទប្រកាន់ពីបទស៊ីសំណូក។

ក្រសួងសន្តិសុខសាធារណៈ ដែលគ្រប់គ្រងដោយប៉ូលិសបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Hai ត្រូវបានឃុំខ្លួន ដែលជាផ្នែកមួយ នៃការស៊ើបអង្កេតលើការចោទប្រកាន់ថា លោកបានប្រព្រឹត្តខុស នៅឯក្រុមហ៊ុនពាណិជ្ជកម្មប្រេងមួយ កន្លែងនៅភាគខាងត្បូងប្រទេសវៀតណាម។
ការចាប់ខ្លួននេះកើតមានឡើង ស្របពេលដែលប្រទេសវៀតណាម កំពុងបើកយុទ្ធនាការប្រឆាំងអំពើពុករលួយ។ ក្រោមយុទ្ធនាការនេះ មន្ត្រីរាប់រយនាក់ត្រូវបានស៊ើបអង្កេត និងជាច្រើននាក់ត្រូវបានបង្ខំឱ្យលាលែងពីតំណែង រួមទាំងអតីតប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីពីររូបផងដែរ។

កាសែតរដ្ឋវៀតណាម Tuoi Tre បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប៉ូលីសក៏បានចុះទៅឆែកឆេរផ្ទះរបស់លោក Hai និងការិយាល័យរបស់លោកផងដែរ។ទោះជាយ៉ាងនេះក្តី ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់ប្រទេសវៀតណាម មិន​បាន​ឆ្លើយ​តប​ភ្លាមៗ ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​របស់សារពត៌មាន Reuters នោះទេ។

លោក Hai បានធ្វើជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។  លោកបានធ្វើជាអនុរដ្ឋមន្ត្រីតាំងពីឆ្នាំ២០១៤មកម្ល៉េះ។ នៅក្រសួង លោកទទួលបន្ទុកលើនាយកដ្ឋានទីផ្សារក្នុងស្រុក នាយកដ្ឋានទីផ្សារអឺរ៉ុប-អាមេរិក ការិយាល័យឧស្សាហកម្ម ព្រមទាំងផ្តល់ការណែនាំដោយផ្ទាល់លើវិស័យនានាដូចជាប្រេងឥន្ធនៈ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារនៃបណ្តាប្រទេសអឺរ៉ុប និងអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here