ដោយៈ ជេស៊ីកា
កណ្តាល/កែបៈ លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនCPL ដែលជាជើងចាស់មួយរូប ក្នុងវិស័យអចលនទ្រព្យបានបង្ហើបឲ្យដឹងថា ការទិញ លក់ដីធ្លីនៅតំបន់ជាប់មាត់ព្រែកហ្វូណនតេជោ បានចាប់ផ្តើមមានសកម្មភាពដោះដូរច្រើន ជាមួយនឹងកំនើនតម្លៃផងដែរ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា ការទិញ លក់ដីធ្លីនៅតំបន់ខាងលើ មានសកម្មភាពគ្រាន់បើ ក្នុងមួយរយៈពេលចុងក្រោយនេះ ហើយតម្លៃដីនៅតំបន់នោះមានការកើនឡើងផងដែរ ដែលបច្ចុប្បន្នដីមានតម្លៃចន្លោះពី១០ ទៅ២០ដុល្លារអាមេរិក អាស្រ័យលើតំបន់ ទំហំ និងទីតាំងសក្តានុពលជាក់ស្តែង។លោកបន្តថា “រហូតមកទល់ពេលនេះ អ្នករកស៊ីក្នុងវិស័យនេះបានដឹងពីទីតាំងជាក់លាក់ ដែលត្រូវជីកព្រែកនេះរួចហើយ ហេតុនេះ ទើបមានសកម្មភាពទិញ លក់នៅតំបន់នេះ”។
ព្រែកជីកហ្វូណនតេជោ បានសិក្សាបញ្ចប់រួចហើយ ដោយមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ដែលវាជាព្រែកជីកប្រវត្តិសាស្រ្តមួយ សម្រាប់សម័យតេជោ ដែលការជីកព្រែកនេះគ្រោងនឹងចំណាយថវិកាប្រមាណ១៧០០លានដុល្លារអាមេរិក និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៅតាមដងព្រែកនេះ ប្រមាណ១,៦លាននាក់ផងដែរ។
ព្រែកជីកនេះ នឹងចាប់ផ្តើមចេញពីទន្លេរបាសាក់ ឆ្ពោះទៅកាន់សមុទ្រក្នុងខេត្តកែប ដែលវានឹងក្លាយជាផ្លូវដឹកជញ្ជូនដ៏សំខាន់ ក្នុងការសមាហរណកម្មផ្ទៃក្នុងកម្ពុជាផង និងកាត់បន្ថយការពឹងផ្អែកលើប្រទេសជិតខាងផង។
សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកាលពីសប្តាហ៍មុនថា ការជីកព្រែកហ្វូណនតេជោ គ្មានអ្វីអាថ៌កំបាំងក្រៅពីជម្រុញការអភិវឌ្ឍន៍កម្ពុជា និងជម្រុញកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះ៕