ប្រធានCVEA កំពុងបង្កើនធនធានមនុស្សដើម្បីចូលរួមក្នុងការផ្ដល់សេវាកម្មវិស័យអចលនទ្រព្យកម្ពុជា

0

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ​លោកសន សៀប បានថ្លែង​ថា សមាគម​​បាន និងកំពុង​ដើរ​តួនា​ទី​សំ​ខាន់ ​ក្នុងការផលិត​ធនធានមនុស្ស ​ដើម្បី​ចូលរួមក្នុងការផ្ដល់​សេវាកម្ម ​ប្រកបដោយគុណភាព នៅក្នុងវិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា។

លោកបានមានប្រសាសន៍ឱ្យដឹងថា​ ​កន្លងមក​ និង​ពេល​បច្ចុប្បន្ន​នេះ សមាគម​បានរៀបចំ​នូវ​ការ​បណ្ដុះប​ណ្ដា​ល​​វគ្គ​ខ្លីៗ ដល់​អ្នកដែល​រកស៊ីក្នុងវិស័យ​អចលនទ្រព្យ​ ដើម្បីឱ្យ​ពួក​គាត់​ទទួល​បានចំណេះដឹង​បន្ថែមពី​វិស័យ​អចលនទ្រព្យ​ ។ ​ក្រៅពីនោះ​សមាគម ​ក៏បានសហការ​ជាមួយសាកល​វិទ្យាល័យ មួយ​ចំនួនបង្រៀន​ផ្នែក​រដ្ឋ​បា​ល​​ដីធ្លី ដែលជាការ​ចូលរួម​ជួយ​ ដល់ការ​បណ្ដុះ​បណ្ដាលធនធាន​មនុស្ស​ ក្នុងការ​វាយ​តម្លៃវិស័យ​អចល​ន​ទ្រ​ព្យ​​​ផងដែរ។​លោកបន្តថា​ សម្រាប់​សមាគម​ខ្លួន​ឯង​ បានរៀបចំនូវ​វគ្គ​បណ្ដុះបណ្ដាល​ក្នុងមួយឆ្នាំ២ ​ទៅ៣​ដង​ ដូចជា ​ជំនាញ​វាយតម្លៃអចលនវត្ថុ​ ជំនាញភ្នាក់ងារអចលនវត្ថុ​ និង​ជំនាញ​គ្រប់គ្រង​អច​ល​នទ្រព្យ ដែលជំនាញ​ទាំង៣ ​នេះ​មាន​សារ​សំខាន់​ណាស់ ​ក្នុងការ​ជួយ​ជំរុញ​វិស័យអចលនទ្រព្យ​ឱ្យកាន់តែរីក​ចម្រើន​ និង​មានគុណភាព។

លោកបញ្ជាក់ថា​ “បច្ចុប្បន្ន ទីផ្សារ​អចលនទ្រព្យ ​ក្នុង​ប្រទេ​ស​កម្ពុជា​ មានការ​រីតលូតលាស់​​គួរឱ្យ​កត់សម្គាល់”។​លោកបន្ថែមថា “ជាក់​ស្ដែង​ក្នុង​ប្រទេស​កម្ពុជា ​មានតំបន់​ឧស្សាហកម្ម​ច្រើន ការ​រៀបចំ​តំបន់​កសិកម្ម​ធំៗក៏មានច្រើន ហើយទាំងអស់​នេះ សុទ្ធតែ​ត្រូវការ​ភ្នាក់​ងារ​ផ្ដល់​កា​រប្រឹក្សា​ និង​អ្នកវាយតម្លៃអចលនវត្ថុ​ ដើម្បីជួយកំណត់​តម្លៃ​សម្រាប់អ្នក់​ចង់លក់ និងអ្នកទិញអចលនទ្រព្យ​​”។អ្នកជំនាញនៃវិស័យ​នេះជាច្រើន ​បាន​និយាយ​ស្រដៀងគ្នា​ជុំវិញ​ការ​ត្រៀមខ្លួន ​ក្នុងការ​ទទួល​យកឱកាស ​អភិ​វ​ឌ្ឍន៍​វិស័យ​អចលនទ្រព្យ​​នៅក្នុងប្រទេស​កម្ពុជា ក្នុងនោះ​ធនធាន​មនុស្ស ​ក្នុងវិស័យ​អចល​នទ្រព្យ​គឺ​មាន​សារ​​សំខាន់​ណាស់ ​។ មានធនធានមនុស្ស​ហើយ​ត្រូវ​ធ្វើឱ្យ​ធនធានមនុស្ស​នោះស្របច្បាប់ ដោយ​ត្រូវ​ចុះបញ្ជី​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​ត្រឹមត្រូវ ពោលគឺបើជា​ក្រុមហ៊ុន​ត្រូវ​ជា​ក្រុមហ៊ុន​ ដែលមានអាជ្ញា​បណ្ណ​ពី​ក្រសួង​ និងមិនត្រូវ​ធ្វើ​ការ​ ឬធ្វើសកម្មភាពក្រៅផ្លូវ​ច្បាប់ ។​

លោកសន សៀប បានប្ដេជ្ញា​ក្នុងការ​ប្រមូល​ធនធានមនុស្ស​ ដែលកំពុងធ្វើ​សកម្មភាព​នៅខាងក្រៅ ឱ្យចូលមក​ក្នុងស​មាគម​ ដើម្បីរួម​គ្នា​ពង្រឹង​គុណ​ភាព​​ ផ្ដល់​សេវា​ក្នុងវិស័យ​អចលនទ្រព្យ ​ដល់​វិនិយោគិន​ទាំង​ក្នុង ​និងក្រៅ​ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here