ប្រទេសចិនបានបោះទុនវិនិយោគរហូតដល់៩០ពាន់លានដុល្លារដើម្បីសាងសង់ផ្លូវរថភ្លើងក្នុងរយៈពេល១១ខែឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យ ពីប្រតិបត្តិករផ្លូវដែករបស់ប្រទេសចិនបានបង្ហាញឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសចិនបានបង្កើនការវិនិយោគ លើការសាងសង់ផ្លូវដែក ចាប់តាំងពីដើមឆ្នាំ២០២៣នេះមក។

ក្នុងអំឡុងខែមករាដល់ខែវិច្ឆិកា ឆ្នាំនេះ ការវិនិយោគក្នុងវិស័យផ្លូវដែករបស់ប្រទេសចិន បានកើនឡើងដល់ទំហំទឹកប្រាក់៦៤០,៧ពាន់លានយ័ន (ប្រហែល៩០ពាន់លានដុល្លារ) ពោលគឺកើនឡើង៧,៤ភាគរយធៀបនឹងឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុន China State Railway Group Co., Ltd.។គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំនេះ ចម្ងាយប្រតិបត្តិការសរុបនៃបណ្តាញផ្លូវដែករបស់ប្រទេសចិន បានកើនលើសពី១៥៥.៥០០ គីឡូម៉ែត្រ ដែលក្នុងនោះ ផ្លូវរថភ្លើងល្បឿនលឿន មានប្រវែងចំនួន៤៣.៧០០គីឡូម៉ែត្រ។

កាលពីឆ្នាំ២០២២កន្លងទៅ ប្រទេសចិនបានបោះទុនវិនិយោគចំនួន៧១០,៩ពាន់លានយ័ន ទៅក្នុងវិស័យផ្លូវដែក ហើយបានដាក់ឱ្យដំណើរការផ្លូវដែកថ្មីប្រវែង៤.១០០គីឡូម៉ែត្រ ក្នុងនោះផ្លូវរថភ្លើងល្បឿនលឿន មានប្រវែងចំនួន២.០៨២គីឡូម៉ែត្រផងដែរ។

វឌ្ឍនភាពថ្មីចុងក្រោយបង្អស់ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ប្រទេស រួមមានការបញ្ចប់ និងការបំពេញប្រតិបត្តិការផ្លូវដែកល្បឿនលឿនតភ្ជាប់ទីក្រុង Jinan នៃខេត្ត Shandong  និងទីក្រុង Zhengzhou ក្នុងខេត្តHenan។

ក្រុមហ៊ុន China State Railway Group បានអះអាងថា ការរក្សាបាននូវការវិនិយោគក្នុងកម្រិតខ្ពស់ គឺមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវបណ្តាញផ្លូវដែកទំនើបរបស់ប្រទេសចិន និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទាំងមូល៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here