តើការលក់ផ្ទះថ្មីក្នុងខែវិច្ឆិកានៅសហរដ្ឋអាមេរិក និងប្រទេសចិន មានស្ថានភាពបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការលក់ផ្ទះថ្មីនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះនៅក្នុងខែវិច្ឆិកា ដោយសារអត្រាការប្រាក់ លើកម្ចីទិញផ្ទះបានធ្លាក់ចុះបន្តិចម្តងៗពីកម្រិតខ្ពស់បំផុត ដែលឈានដល់នៅឆ្នាំ២០២៣នេះ។

ការលក់ផ្ទះដែលទើបសាងសង់ថ្មី បានធ្លាក់ចុះ១២,២% នៅក្នុងខែវិច្ឆិកា ដល់៥៩០.០០០យូនីត បើធៀបនឹងការលក់ចំនួន៦៧២.០០០យូនីត ក្នុងខែតុលា។ នេះបើយោងតាមរបាយការណ៍រួមពីក្រសួងលំនៅដ្ឋាន និងការអភិវឌ្ឍន៍ទីក្រុង និងការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែបើធៀបនឹងឆ្នាំមុន ការលក់ផ្ទះថ្មីបានកើនឡើង១,៤%។

តួលេខនៃការលក់ផ្ទះប្រចាំខែវិច្ឆិកា គឺទាបជាងការរំពឹងទុករបស់អ្នកវិភាគ ដែលបានព្យាករណ៍ការលក់ ចំនួន៦៨៥.០០០យូនីត និងជាការធ្លាក់ចុះយ៉ាងខ្លាំង បំផុតមិនធ្លាប់មាន ចាប់តាំងពីខែមេសា ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយ ដោយកាសែតអាមេរិក CNN។ចំណែក ការលក់ផ្ទះដែលមានស្រាប់ នៅសហរដ្ឋអាមេរិក បានស្ថិតក្នុងកម្រិតទាបបំផុត ក្នុងរយៈពេល៣០ឆ្នាំ។  ការលក់ផ្ទះដែលមានស្រាប់ទាំងនេះ មាននិន្នាការធ្លាក់ចុះ ចាប់តាំងពីខែកុម្ភៈមកម្ល៉េះ លើកលែងតែការកើនឡើង ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងខែវិច្ឆិកាប៉ុណ្ណោះ។

លោកស្រី Lisa Sturtevant ប្រធានសេដ្ឋវិទូរបស់ទីភ្នាក់ងារអចលនទ្រព្យ Bright Multiple Listing Service លើកឡើងថា “ការ​លក់​ផ្ទះ​ថ្មី​សរុប​នៅ​ឆ្នាំ​នេះ​រំពឹង​ថា​ នឹង​កើន​ឡើង​ជិត១០ភាគរយ ​ធៀបនឹងឆ្នាំ​មុន។ ផ្ទុយទៅវិញ ការលក់ផ្ទះដែលមានស្រាប់ បានធ្លាក់ចុះជិត២០% ធៀបនឹងឆ្នាំមុន”។ចំណែកឯ នៅប្រទេសចិនវិញ ទីភ្នាក់ងារពត៌មាន Caixin បានរាយការណ៍ថា ការលក់ផ្ទះបានធ្លាក់ចុះក្នុងខែវិច្ឆិកា ដោយសារអ្នកទិញនៅតែប្រុងប្រយ័ត្ន ចំពោះភាពចលាចល នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសនេះ។

យោងតាមទិន្នន័យបឋមពីក្រុមហ៊ុន China Real Estate Information Corp. បានឱ្យដឹងថា តម្លៃនៃការលក់ផ្ទះថ្មីក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ ធំបំផុតទាំង១០០ បានធ្លាក់ចុះ២៩,៦% ធៀបនឹងឆ្នាំមុន មកនៅត្រឹម៣៩០,១៩ពាន់លានយ័ន (ប្រហែល៥៤,៦ពាន់លានដុល្លារ)។

ការលក់ផ្ទះថ្មីរបស់ប្រទេសចិន បានធ្លាក់ចុះ៤,១% ក្នុងខែវិច្ឆិកា បើធៀបនឹងខែតុលា។  ការលក់ប្រចាំឆ្នាំសរុបរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំង១០០ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ១៥% ធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ខាងលើ។

ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​អចលនទ្រព្យ ​នៅក្នុងប្រទេស​របស់ខ្លួន អាជ្ញាធរ​ចិន បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាច្រើន ដើម្បី​បន្ធូរបន្ថយ​ការ​ទប់ស្កាត់​ការ​ទិញផ្ទះ និង​បន្ថយ​លក្ខខណ្ឌ​នៃ​ការ​កក់ប្រាក់មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here