ដោយៈ ជេស៊ីកា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងលើកឡើងពីសក្តានុពល និងការរីកចម្រើននាភាគខាងត្បូងរាជធានីភ្នំពេញ។
មានប្រសាសន៍ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឲ្យដំនើរការអាងប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក ស្ថិតក្នុងខ័ណ្ឌដង្ករាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៧ ធ្នូនេះថា តំបន់ភាគខាងត្បូង ផ្លូវ៦០ម៉ែត្រពីមុនជាបឹង ប៉ុន្តែដោយសារការរីកចម្រើនសេដ្ឋកិច្ច និងកំនើនប្រជាពលរដ្ឋកើនឡើងជិត៣លាននាក់ តំបន់ភាគខាងត្បូងកំពុងមានការរីកចម្រើន។សម្តេចបន្តថា “តំបន់នេះពីមុនជាបឹង ផ្លូវជាតិលេខ២ជាផ្លូវតូចមួយ ប៉ុន្តែបច្ចុប្បន្នមើលមិនស្គាល់ទេ សម្រាប់អ្នកមិនបានមកកាន់ក្រុងភ្នំពេញរយៈពេល៣០ឆ្នាំចុងក្រោយនេះ”។ សម្តេចបន្តថា “រាជធានីភ្នំពេញបានរីកធំ ហើយនឹងរីកកាន់តែធំបន្ថែមទៀតនាពេលខាងមុខ”។
សម្តេចធិបតីហ៊ុន ម៉ាណែតបានរំលឹកដល់មន្រ្តីជប៉ុន ដែលបានចូលរួមក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នមន្រ្តីរូបនោះ មានអាយុជាង៩០ឆ្នាំ និងធ្លាប់បានជួយកសាងផ្លូវនៅកម្ពុជាថា មន្រ្តីជាន់ខ្ពស់កងទ័ពជប៉ុនរូបនោះបានបង្ហាញពីរូបថត ដែលលោកបានមកបំពេញការងារនៅកម្ពុជា និងកសាងស្ពានមួយដោយគ្រាន់តែ ដាក់ដើមឈើ២ដើមប៉ុណ្ណោះ សម្រាប់យានយន្តបរឆ្លងកាត់ ប៉ុន្តែបច្ចុប្បន្នផ្លូវនេះធំ តំបន់វាលស្រែក្លាយជាតំបន់លំនៅដ្ឋាន និងអាគារពាណិជ្ជកម្ម។សម្តេចបន្តថា “សូម្បីតែផ្សារទំនើបAEON MALL3 ក៏បានផ្តល់ការងាររាប់ពាន់នាក់ដល់ប្រជាពលរដ្ឋ ហើយមនុស្សរាប់ម៉ឺននាក់បានរស់នៅតំបន់នេះ”។ សម្តេចបន្តថា “នាពេលអនាគត មនុស្សរាប់លាននាក់នឹងមករស់នៅតំបន់នេះ”។
តំបន់ភាគចខាងត្បូងរាជធានីភ្នំពេញ ពិតជាកំពុងមានការរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ដូចជាផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោ ការកសាងផ្លូវក្រវ៉ាត់ក្រុងទី៣ ការពង្រីកនិងលើកកំពស់ផ្លូវជាតិលេខ២ ពិសេសការសាងសង់ព្រលានយន្តហោះ អន្តរជាតិតេជោក្រុងតាខ្មៅ ដែលបច្ចុប្បន្នសម្រេចបាន ប្រមាណ៦០ភាគរយរួចហើយ។តម្លៃដីនៅភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសលើផ្លូវ៦០ម៉ែត្រ មានតម្លៃចន្លោះ៩០០ ទៅ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នាពេលបច្ចុប្បន្ននេះ៕