ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Knight Frank ឱ្យដឹងថា តម្រូវការពីអ្នកទិញជាជនជាតិចិនបានឆក់យកទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃក្នុងប្រទេសអារ៉ាប់រួម ដែលជាគោលដៅដ៏ទាក់ទាញបំផុតមួយសម្រាប់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យខាងលើបានអះអាងថា ក្នុងរយៈពេលវែងទៅមុខ និន្នាការនេះនឹងធ្វើឱ្យទីក្រុងឌូបៃឈរក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលៗនៅលើពិភពលោកដូចជា ទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ និងទីក្រុងសិង្ហបុរី។
លោក Faisal Durrani ដៃគូ និងជាប្រធានផ្នែកស្រាវជ្រាវសម្រាប់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៅក្រុមហ៊ុន Knight Frank លើកឡើងថា តម្លៃការិយាល័យ និងអចលនទ្រព្យលំនៅដ្ឋានរបស់ទីក្រុងឌូបៃត្រូវបានគេរំពឹងថា នឹងតម្លៃកើនឡើងនៅឆ្នាំក្រោយ ដោយសារតែតម្រូវការខ្ពស់ និងកង្វះការផ្គត់ផ្គង់។
លោក Faisal Durrani បន្តថា “ទីក្រុងឌូបៃបានឈានដល់ចំណុចរបត់មួយ ហើយទីក្រុងនេះនឹងប្រកួតប្រជែងជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលនានា ដែលបានបង្កើតឡើងជាយូរមកហើយ ក្នុងនាមជាមេដែកស្រូបទាញអ្នកមាននៅលើពិភពលោក”។
តម្លៃលំនៅដ្ឋានប្រណីតនៅក្នុង តំបន់ដែលគ្របដណ្តប់សង្កាត់ Palm Jumeirah សង្កាត់ Emirates Hills និងសង្កាត់ Jumeirah Bay ក្នុងទីក្រុងឌូបៃ ត្រូវបានគេរំពឹងថា នឹងកើនឡើង៥ភាគរយនៅឆ្នាំក្រោយ។
ចំណែក តម្លៃនៅលើទីផ្សារលំនៅដ្ឋានប្រណីតនៅក្នុងតំបន់ផ្សេងៗទៀតក្នុងទីក្រុងឌូបៃ នឹងកើនឡើង៣,៥ភាគរយនោឆ្នាំក្រោយដូចគ្នា។
យោងតាមក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំនេះ ជនជាតិចិនគឺជាក្រុមជនបរទេស ដែលទិញផ្ទះច្រើនជាងគេទី២នៅក្នុងទីក្រុងឌូបៃ ដែលមានចំណែក១៤ភាគរយ បន្ទាប់ពីជនជាតិអង់គ្លេសដែលមានចំណែក១៦ភាគរយ។ ប៉ុន្តែ កាលពីឆ្នាំមុន ជនជាតិចិនគឺជាអតិថិជនកំពូលទី១ ដែលមានចំំណែក២៣%នៃការទិញផ្ទះសរុបដោយជនបរទេសនៅទីក្រុងឌូបៃ៕South China Morning Post៕