រដ្ឋាភិបាលជប៉ុនប្រកាសច្រានចោលផែនការសាងសង់កាស៊ីណូ នៅខេត្តណាហ្គាសាគិ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃទី២៧ ខែធ្នូ រដ្ឋាភិបាលជប៉ុនបានច្រានចោលផែនការ បើករមណីយដ្ឋានកាស៊ីណូមួយ នៅក្នុងខេត្តណាហ្គាសាគិ (Nagasaki) ភាគនិរតីនៃប្រទេសជប៉ុន ស្របពេលមានភាពមិនច្បាស់លាស់ អំពីលទ្ធភាពនៃការផ្តល់មូលនិធិរបស់ខ្លួន។

ផែនការ​​សាងសង់រមណីយដ្ឋាន​កាស៊ីណូមួយ នៅក្នុងខេត្ត Nagasaki ត្រូវ​បាន​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ ចាប់តាំង​ពី​ខែ​មេសាមកម្ល៉េះ បន្ទាប់​ពី​រដ្ឋាភិបាលបានអនុម័ត ​លើគម្រោង​សាងសង់កាស៊ីណូនៅ​ទីក្រុងអូសាកា (Osaka)។កាលពីដើមឡើយ គម្រោងកាស៊ីណូក្នុងខេត្ត Nagasaki ដែលស្ថិតនៅរមណីយដ្ឋានជាប់មាត់សមុទ្រ Huis Ten Bosch រចនាប័ទ្មហូឡង់ ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនាចំនួន៨,៤លាននាក់ជារៀងរាល់ឆ្នាំ ដោយនាំមកនូវផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចចំនួន៣៣០ពាន់លានយ៉េន (ប្រមាណ២,៣ពាន់លានដុល្លារ) ដល់តំបន់ភាគនិរតីនៃប្រទេសជប៉ុន។ផែនការសាងសង់កាស៊ីណូ ក្នុងខេត្ត Nagasaki នៅតែស្ថិតក្រោមការត្រួតពិនិត្យ រហូតទាល់មានការច្រានចោល នាពេលនេះ បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានអនុម័តឱ្យសាងសង់កាស៊ីណូ នៅទីក្រុង Osaka កាលពីខែមេសា ដែលនឹងក្លាយជារមណីយដ្ឋានកាស៊ីណូស្របច្បាប់ដំបូងបង្អស់របស់ប្រទេសជប៉ុន។

គម្រោងរមណីយដ្ឋានកាស៊ីណូ ស្របច្បាប់ដំបូងគេរបស់ជប៉ុននៅក្នុងទីក្រុងOsaka នឹងចំណាយទុនវិនិយោគ១,២៧ពាន់ពាន់លានយ៉េន( ប្រមាណ៨,៩ពាន់លានដុល្លារ) ហើយគ្រោងនឹងបើកដាក់ឱ្យដំណើរការ នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។

រមណីយដ្ឋាននេះ នឹងត្រូវបានសាងសង់នៅលើកោះ Yumeshima ដែលជាកោះសិប្បនិម្មិតនៅឆ្នេរសមុទ្រ Osaka។

រមណីយដ្ឋាននេះត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរប្រហែល២០លាននាក់ជារៀងរាល់ឆ្នាំ និងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចប្រចាំឆ្នាំ ចំនួន១,១៤ពាន់ពាន់លានយ៉េន ឬប្រហែល៨,០៦ពាន់លានដុល្លារដល់តំបន់នេះ៕Kyodo News៕

LEAVE A REPLY

Please enter your comment!
Please enter your name here