ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសចិនបានបើកដាក់ឱ្យប្រើប្រាស់ផ្លូវដែក Fangdong ដែលជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេ ដែលតភ្ជាប់ពីទីក្រុងរបស់ប្រទេសចិននៅតាមព្រំដែនជាមួយវៀតណាម ទៅកាន់បណ្តាញផ្លូវជាតិរបស់វៀតណាម។
ផ្លូវដែក Fangdong ដែលមានប្រវែង៤៧គីឡូម៉ែត្រ និងបើកដំណើរការពីតំបន់ Fangchenggang ទៅកាន់តំបន់ Dongxing ភាគអាគ្នេយ៍ប្រទេសចិន បានក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ដែលស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសជិតខាងរបស់ខ្លួន។តំបន់ Fangchenggang ដែលមានកំពង់ផែសមុទ្រធំជាងគេនៅភាគខាងលិចប្រទេសចិនដើរតួជាច្រកទ្វារទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថាអាស៊ាន ព្រោះតំបន់នេះជាកន្លែងផ្ទុក និងផ្ទេរទំនិញដ៏ធំរវាងប្រទេសចិន និងអាស៊ាន។
ផ្លូវដែក Fangdong ដែលមានល្បឿនធ្វើដំណើរអតិបរមា២០០គីឡូម៉ែត្រក្នុងមួយម៉ោង បម្រើទាំងការដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ ដែលមិនត្រឹមតែផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ Fangchenggang និងតំបន់ Dongxing ពីរយៈពេល១ម៉ោង មកនៅត្រឹមតែ១៩នាទីប៉ុណ្ណោះ។យោងតាមមន្ត្រីរបស់ក្រុមហ៊ុនផ្លូវដែករដ្ឋចិន បានមានប្រសាសន៍ឱ្យដឹងថា “ផ្លូវរថភ្លើងថ្មីនេះមានសារសំខាន់ណាស់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ជំរុញទេសចរណ៍ព្រំដែន ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ”។
ក្រោយពីបានឆ្លងកាត់បញ្ហាប្រឈមផ្នែកភូមិសាស្ត្រ និងបរិស្ថាន ក្នុងរយៈពេល៤ឆ្នាំនៃការសាងសង់ ជាលទ្ធផល ផ្លូវដែក Fangdong គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រឹងការតភ្ជាប់ឆ្លងកាត់ព្រំដែន។
គម្រោងខាងលើនេះស្របទៅនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងទ្រង់ទ្រាយធំ ដូចដែលបានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោកសុី ជីនពីង ទៅកាន់ទីក្រុងហាណូយ កាលពីខែមុន៕