អ្នកជំនាញអចលនទ្រព្យល្បីៗលើកឡើងដូចម្តេចពីវិស័យអចលនទ្រព្យនៅឆ្នាំ២០២៤នេះ?

0

ដោយៈគង់ ហ្វីអូណា

        ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​កម្ពុជា​ក្នុងឆ្នាំ២០២៤​ ខាងមុខនេះ ត្រូវ​បានអ្នកជំនាញនៃវិស័យ​នេះ សម្តែងការ​យល់​​ឃើញ​​ខុស​ៗគ្នា​។

អ្នកជំនាញមួយចំនួន​យល់ថា វិស័យនេះ​នឹង​ល្អឡើងវិញ​ ប៉ុន្តែ​មួយ​ចំនួនទៀត​ មិនទាន់ហ៊ាន​ដាក់​ការ​ព្យាករណ៍ថា​ល្អ ឬមិន​ល្អ​នោះទេ ពោលគឺស្ថិតនៅក្នុងភាពស្រពេច​ស្រពិល​នៅឡើយ​។​ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀប បានលើកឡើង​ថា ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​​នាឆ្នាំ២០២៤ ហាក់​មានភាព​ស្រពេច​ស្រពិល​។ លោក​លើក​ឡើងបែបនេះ ​ដោយយោងទៅលើ​ស្ថានភាព​វិបត្តិ ​នៃសង្គ្រាម​រវាងប្រទេស​រុស្ស៊ី និងអ៊ុយក្រែន ​នៅមិនទាន់ដោះស្រាយ​ចប់សព្វ​គ្រប់ ស្រាប់តែចូលមកដល់វិបត្តិ​​ រវាង​ប្រទេស​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ចូលមកដល់ទៀត ។​

លោកបន្តថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំង​សេដ្ឋកិច្ច​កម្ពុជា អាច​នឹងប្រសើរឡើង​វិញ​ បានបើសិ​ន​ជា​​បញ្ហា​សំខាន់ៗលើពិភពលោក ​ត្រូវ​បានដោះស្រាយ​រួច​រាល់​នៅឆ្នាំ ២០២៤​ខាងមុខ ។ នៅពេ​ល​ស្ថា​ន​ភា​ពពិ​​ភ​ព​លោក​បានប្រសើរ​ ការ​វិនិយោគពីបរទេស​នឹងអាចចូលមកកម្ពុជា​ច្រើនឡើងវិញ​ ស្របនឹង​កម្ពុជា​​នៅ​តែ​ប​ន្ត​ពឹង​​លើ​ការ​វិនិយោគ​ពីខាងក្រៅ។ ដូច្នេះហើយទើបកម្ពុជា​ បានខិតខំទាក់ទាញ​ការ​វិនិយោគ​ខាងក្រៅ​ឱ្យបា​ន​កា​ន់​តែ​​ច្រើន​។​

លោក​ក៏បានបង្ហើបពីទីតាំង​មួយចំនួន សម្រាប់​អ្នកវិនិយោគ​ក្នុងវិស័យ​អចលនទ្រព្យ ដូចជាទីតាំង​ណា​ដែល​មានសេដ្ឋកិច្ច នៅដំណើរ​ការ​ល្អ ហើយ​អាច​នឹ​ងល្អរហូត​ដល់​ឆ្នាំ២០២៧ ឬយូរជាង​នេះ ។​ តែ​ប្រភេទ​អចលនទ្រព្យ ​ដែល​អ្នកវិនិយោគ​គួរវិនិយោគនោះ គឺប្រភេទអចលនទ្រព្យ​វិនិយោគរយៈ​ពេលយូរអង្វែង ​និង​មិន​ត្រូវ​​រក​ប្រភេទណា​ដែលវិនិយោគ​រយៈ​ពេលខ្លីនោះទេ ក្នុងដំណាក់​កាលនេះ។

ប្រធាន​សមាគម​រូប​នេះបានបន្ថែមថា​ បច្ចុប្បន្ននេះ កម្ពុជា​បាន និងកំពុងអភិវឌ្ឍន៍ ​ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែល​អាច​នឹងទាក់ទាញ​ការ​វិនិយោគបន្ថែមពី​បរទេស​ ក្នុងនោះ​ផ្លូវ​ជាតិសំខាន់ៗ​បាន​បើក​ការដ្ឋាន​សា​ង​ស​ង់ និងលើ​ក​​​ក​ម្ព​ស់ឡើងវិញ គម្រោងពង្រីកកំពង់ផែទឹកជ្រៅ ក្រុង​ព្រះសីហនុ គម្រោង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ បាវិត និង​គម្រោង​សិក្សា​ផ្លូវ​ល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែត​ជាដើម ។

ជាមួយគ្នានេះ លោក​ឧកញ៉ា​បណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង ដែលជាអ្នកជំនាញ​ និង​ជាអ្នកជំនាញ ក្នុងវិស័យនេះរាប់ទសវត្សរ៍បានលើកឡើងថា នៅឆ្នាំ២០២៤​នេះ លោកមើលឃើញពីភាពប្រសើរឡើង​វិញ ​នៃ​វិស័យ​អចលនទ្រព្យ​ ដោយលោក​រំពឹងថា វិបត្តិ​និងបញ្ហា​សកល​ នឹងអាច​ដោះស្រាយ​ចប់​នៅឆ្នាំ២០២៤​ខាង​មុខ​នេះ ហើយនឹងធ្វើឱ្យវិនិយោ​គិន​បរទេស ​អាច​ស្វែងរកការវិនិយោគ ក្នុង​នោះកម្ពុជាក៏ជា​ប្រទេស​គោលដៅ​មួយរបស់​វិនិយោគិន​បរទេស​ដែរ ។

បើតាមការ​សង្កេតជាក់​ស្ដែង​ រហូតដល់ចុងឆ្នាំ២០២៣​នេះហើយ​ ស្ថានភាព​នៃទីផ្សារអចលនទ្រព្យ ដូចជា​ទីផ្សារ​លំនៅឋាន ដែលមានផ្ទះជាប់ដី និ​ងខុនដូ នៅតែ​បន្ត​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម ជាក់ស្ដែង​បុរី​ល្បីឈ្មោះ ​និងមានអតិថិជនច្រើនជាង​គេ គឺបុរីពិភពថ្មី​ក្នុង​រយៈពេល​៥០ថ្ងៃចុងក្រោយនេះ លក់​ផ្ទះ​បាន​ត្រឹមតែជាង​៩០​ផ្ទះ​ប៉ុ​ណ្ណោះ​ ដែលក្នុងពេលជាមួយ​គ្នានោះ ក្រុមហ៊ុនបានទិញផ្ទះពីអតិថិជន ដែលមានបញ្ហា​ហិរញ្ញវត្ថុ ​ត្រលប់មក​វិញ​រហូតដល់១២៦០​ផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here