ហេតុផលសំខាន់ចំនួន៥ ជំរុញឱ្យមានសុទិដ្ឋិនិយមវិជ្ជមានចំពោះសេដ្ឋកិច្ចអាមេរិក ក្នុងឆ្នាំ២០២៤

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មានអាមេរិក CNN បានចុះផ្សាយថា មនុស្សជាច្រើនបាននាំគ្នាព្រួយបារម្ភថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំនៃវិបត្តិសេដ្ឋកិច្ច ប៉ុន្តែផ្ទុយទៅវិញ ឆ្នាំ២០២៣ បានប្រែក្លាយទៅជាឆ្នាំនៃភាពធន់គួរឱ្យកត់សម្គាល់។

ជាក់ស្តែង កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហាក់កំពុងធ្លាក់ចុះក្នុង កម្រិត មួយ ដែល អាច ទទួល យក បាន ដែលមនុស្សជាច្រើនធ្លាប់បានយល់ឃើញថា វាស្ទើរតែមិនអាចទៅរួចឡើយ។

ជាមួយគ្នានេះ អត្រាអតិផរណាបានធ្លាក់ចុះ ភាពអត់ការងារធ្វើនៅតែមានកម្រិតទាប ហើយធនាគារកណ្តាលអាមេរិក(Fed) អាចនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅដើមខែមីនាខាងមុខ។

លើសពីនេះ សារពត៌មាន CNN បានលើកឡើងពីហេតុផលសំខាន់ៗចំនួន៥ ដែលជំរុញឱ្យមានសុទិដ្ឋិនិយមអំពីសេដ្ឋកិច្ចអាមេរិកសម្រាប់ឆ្នាំ២០២៤នេះ៖

ហេតុផលទី១៖ អតិផរណាធ្លាក់ចុះគួរឱ្យកត់សម្គាល់
មនុស្សជាច្រើននៅសង្កាត់ហិរញ្ញវត្ថុ Wall Street និងនៅទីក្រុងវ៉ាស៊ីនតោនរំពឹងថា អតិផរណានឹងធ្លាក់ចុះ បន្ទាប់ពីហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនទសវត្សរ៍ នៅក្នុងខែមិថុនា ឆ្នាំ២០២២។

លោក Mark Zandi ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Moody’s Analytics បានប្រាប់សារពត៌មាន CNN ថា លោករំពឹងថា អតិផរណានឹងវិលត្រលប់ទៅជិតគោលដៅក្នុងរង្វង់២% របស់ធនាគារ Federal Reserve នៅចុងឆ្នាំ២០២៤នេះ។

ហេតុផលទី២៖ ការប្រកាសជ័យជំនះលើអតិផរណា
ការធ្លាក់ចុះយ៉ាងគំហុកនៃអត្រាអតិផរណា បានជំរុញឱ្យធនាគារកណ្តាលអាមេរិក បានបញ្ឈប់ការដំឡើងអត្រាការប្រាក់ចំនួន៣លើកជាប់ៗគ្នាគិតត្រឹមកិច្ចប្រជុំគោលនយោបាយប្រចាំខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

នៅពេលនេះ ក្រុមមន្ត្រីរបស់ធនាគារ Fed ថែមទាំងបានផ្តល់សញ្ញាពីការកាត់បន្ថយអត្រាការប្រាក់សម្រាប់ឆ្នាំ២០២៤ ហើយនេះជាលទ្ធផល ដែលនឹងតំណាងឱ្យការប្រកាសជ័យជម្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយអតិផរណា។

ហេតុផលទី៣៖ ឆ្នាំដ៏ជោគជ័យបំផុតសម្រាប់ទីផ្សារភាគហ៊ុន
ការធ្លាក់ចុះនៃអត្រាអតិផរណា ការធូរស្បើយនៃការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច និងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ បានធ្វើឱ្យសង្កាត់ផ្សារហ៊ុន Wall Street របស់សហរដ្ឋអាមេរិកហក់ឡើងថ្លៃ។

ហេតុផលទី៤៖ ការ បញ្ឈប់ ការងារមានចំនួនតិចតួចបំផុត
ទោះបីជាធនាគារFed បានធ្វើការដំឡើងអត្រាការប្រាក់របស់ខ្លួនយ៉ាងណាក្តី ក៏អត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងរង្វង់ត្រឹមតែ៣,៧%ប៉ុណ្ណោះ ពោលគឺស្ថិតជិតកម្រិតទាបបំផុតក្នុងរយៈពេល៥០ឆ្នាំ។

ហេតុផលទី៥៖ ប្រាក់ឈ្នួលកើនលើសតម្លៃទំនិញ
ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចភាគច្រើនពីជំងឺរាតត្បាតកូវីដ-១៩ តម្លៃទំនិញបានកើនឡើងលឿនជាងប្រាក់ឈ្នួល ដែលមានន័យថា ប្រាក់ឈ្នួលពិតប្រាកដបានធ្លាក់ចុះ។ ទោះជាយ៉ាងណាក្តី និន្នាការខាងលើបានចាប់ផ្តើមផ្លាស់ប្តូរនាពេលថ្មីៗនេះ ដោយប្រាក់ឈ្នួលបានកើនឡើងមិនចាញ់អតិផរណាប៉ុន្មាននោះឡើយ។

លោក Mark Zandi បានសម្តែងសុទិដ្ឋិនិយមថា កំណើនប្រាក់ឈ្នួលពិតប្រាកដនឹងមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ២០២៤នេះ។

លោក Zandi បានអះអាងថា “ស្របពេលដែលពេលវេលាបន្តដើរទៅមុខ ហើយអតិផរណានៅតែមានកម្រិតទាប ប្រាក់ចំណូលនឹងតាមទាន់ និងកើនហួសអតិផរណា ហើយមនុស្សនឹងចាប់ផ្តើមមានអារម្មណ៍ល្អប្រសើរជាងមុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here