ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines(JAL) បានប៉ាន់ប្រមាណថា ការបុកគ្នារវាងជើងហោះហើរ JL516 របស់ខ្លួនជាមួយនឹងយន្តហោះឆ្មាំឆ្នេរសមុទ្រជប៉ុនកាលពីថ្ងៃអង្គារ បានបណ្តាលឱ្យមានការខាតបង់ក្នុងទំហំទឹកប្រាក់ប្រហែល១៥ពាន់លានយ៉េន ពោលគឺប្រហែល១០៥លានដុល្លារ។
ក្រុមហ៊ុន Japan Airlines បានអះអាងថា ការបាត់បង់យន្តហោះនេះនឹងត្រូវបានគ្របដណ្តប់ដោយការធានារ៉ាប់រង ដោយបន្ថែមថា ក្រុមហ៊ុនកំពុងវាយតម្លៃផលប៉ះពាល់លើការព្យាករណ៍ប្រាក់ចំណូលរបស់ខ្លួនសម្រាប់ឆ្នាំហិរញ្ញវត្ថុ ដែលនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនាខាងមុខ។
យោងតាមប្រភពឧស្សាហកម្មធានារ៉ាប់រងបានឱ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងអាមេរិក AIG គឺជាក្រុមហ៊ុននាំមុខគេលើ“គោលនយោបាយធានារ៉ាប់រងគ្រប់ហានិភ័យទាំងអស់ តម្លៃ១៣០លានដុល្លារ” សម្រាប់យន្តហោះ JAL Airbus A350 ដែលត្រូវបានបំផ្លាញដោយអគ្គីភ័យ បន្ទាប់ពីមានការប៉ះទង្គិចនៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ។ភាគហ៊ុនរបស់ក្រុមហ៊ុន Japan Airlines បានងើបឡើងថ្លៃ០,៥ភាគរយ ដែលបង្ហាញពីការស្ងប់ស្ងាត់ប្រតិកម្មចំពោះគ្រោះថ្នាក់ឆេះយន្តហោះខាងលើ ខណៈការជួញដូរផ្សារហ៊ុននៅប្រទេសជប៉ុន បានបើកដំណើរការឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះ។ ដំបូងឡើយ ភាគហ៊ុននេះ បានធ្លាក់ថ្លៃចុះរហូតដល់ទៅ២,៤ភាគរយ មុនពេលស្ទុះងើបឡើងវិញ។
អ្នកដំណើរចំនួន៣៧៩នាក់នៅលើយន្តហោះ អាចជម្លៀសចេញពីយន្តហោះដែលកំពុងឆេះដោយមានសុវត្ថិភាព ខណៈនាវិកចំនួន៥នាក់ក្នុងចំណោម៦នាក់នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្របានស្លាប់នៅក្នុងគ្រោះថ្នាក់មួយនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុនឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរ JAL មានបំណងចុះចតជាធម្មតា នៅពេលបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរនៅលើផ្លូវយន្តហោះចុះចត។ យន្តហោះឆ្មាំល្បាតឆ្នេរ ត្រូវធ្វើដំណើរទៅកាន់ ទីក្រុងNiigata ដើម្បីផ្តល់ជំនួយទៅឱ្យជន ដែលរងគ្រោះដោយសារការរញ្ជួយដី។
យោងតាមមន្ត្រីដដែលឱ្យដឹងទៀតថា មិនមានការរាយការណ៍ណាមួយពីបញ្ហាម៉ាស៊ីន ឬបញ្ហាផ្សេងទៀតរបស់យន្តហោះដឹកអ្នកដំណើរឡើយ៕