អ្នកជំនាញសេដ្ឋកិច្ចនិងអ្នកធុរកិច្ចមានសុទិដ្ឋិនិយមពីការរីកចម្រើន វិស័យឧស្សាហកម្មឆ្នាំ២០២៤

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកវិភាគសេដ្ឋកិច្ច និង​អ្នកធុរកិច្ចបានអះអាងថា វិស័យ​ឧស្សា​ហ​កម្ម​កម្ពុជា​នៅក្នុង​ឆ្នាំ​​២០២៤ នេះ​នឹង​បន្ត​បោះជំហាន​ទៅមុខ​កាន់តែ​លឿន ខណៈ​កម្ពុជា​បានទទួល​គម្រោង​វិនិយោគ​ថ្មីៗ​ជា​ច្រើន ។

យោងតាម​ឯកសារ​ថវិកា​សង្ខេប ឆ្នាំ​២០២៤ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឱ្យដឹងថា សេដ្ឋកិច្ច​​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ ត្រូវបាន​ព្យាករ​នឹង​ងើប​ឡើងវិញ ហើយ​រំពឹង​នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៦,៦​ ដែល​នឹង​ធ្វើឱ្យ​ផលិត​​ផល​ក្នុងស្រុក​សរុប ​(​ផសស​)​ ថ្លៃ​ប​ច្ចុ​ប្បន្ន​ស្ថិតក្នុង​រង្វង់១៤,២៩៥៧ ​ប៊ី​លាន​រៀល ​សមមូល​នឹង៣៥,១៦៨លាន​ដុល្លារ​អាមេរិក​។

ស្របពេលផលទុនជាតិសរុបក្នុងស្រុក សម្រាប់​មនុស្ស​ម្នាក់​ត្រូវបាន​រំពឹង​នឹង​កើន​ដល់២០៧១ ​ដុល្លារ​អាមេរិក បើ​ធៀប​នឹង១ ៩១៧ ​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ​២០២៣​។ តាម​ការ​ព្យាករ កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៤  ត្រូវបាន​ទ្រទ្រង់​សំខាន់​ជាងគេ​ ដោយ​វិស័យ​ឧស្សាហកម្ម នឹងមាន​កំណើន ៨,៥ ​ភាគ​រ​យ វិស័យ​សេវាកម្ម ៦,៩​ ភាគរយ និង​វិស័យ​កសិកម្ម១,១​ ភាគរយ​។​

ឯកសារដដែលបាន​បញ្ជាក់ថា ​វិស័យ​ឧស្សា​ហ​កម្ម​ត្រូវបាន​ព្យាករ​ថា នឹង​បន្ត​និ​ន្នា​ការកើនឡើង​ក្នុង​រង្វង់៨,៥ភាគរយ ​ក្នុង​ឆ្នាំ ​២០២៤ គឺ​ប្រមាណ៥,០​ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ ដោយសារ​ការរំពឹងទុក​ការ​ងើប​ឡើងវិញ​នៃ​អនុវិស័យ​កាត់ដេរ ស្រប​ពេលដែល​អនុវិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ ​នៅ​បន្ត​រក្សាបាន​កំណើន​រឹងមាំ ខណៈ​អនុវិស័យ​សំណង់​នៅ​បន្ត​មាន​កំណើន​ទាប​។​ឯកសារនេះបានបង្ហាញ​ឱ្យដឹងទៀតថា អនុវិស័យ​កាត់ដេរត្រូវបានរំពឹងថា ​នឹងមាន​និន្នាការ​ងើបឡើង​វិញ ដោយសារ​ការ​ងើប​ឡើងវិញ​នៃ​តម្រូវការ​សកល ពិសេស​បណ្តា​ប្រ​ទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា រួមមាន អាមេរិក និង​សហភាព​អឺរ៉ុប​ជា​ដើម​។ ការដាក់ចេញ​ “​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែក​​ជើង និង​កាបូប​កម្ពុជា ឆ្នាំ ​២០២២-២០២៧” ក៏​ត្រូវបាន​រំពឹងថា នឹង​ជួយ​ជំរុញ​បរិយាកាស​វិនិយោគ និង​ការ​ប្រកួតប្រជែង​បន្ថែម ​ក្នុង​អនុ​វិស័យនេះ​ផងដែរ​។

យ៉ាងណាមិញ ភាពមិនប្រាកដ​ប្រជា​ខ្ពស់​ នៃ​ស្ថានភាព​សេដ្ឋកិច្ច​សកល ដែលនាំឱ្យ​មាន​ភាព​រង្គោះ​រង្គើ​ដល់​តម្រូវការ​ខាងក្រៅ ជាពិសេស​ទីផ្សារ​សំខាន់ៗ​របស់​កម្ពុជា រួមមាន អាមេរិក និង​សហភាព​អឺរ៉ុប អាច​បង្ក​ជា​បច្ច័យ​អវិជ្ជមាន​ដល់​អនុ​វិស័យនេះ​ផងដែរ​​។​

សម្រាប់​អនុវិស័យ​កម្មន្តសាល​មិន​មែន​កាត់ដេរ នឹង​នៅ​បន្ត​រក្សាបាន​ភាព​ល្អ ដែល​មួយផ្នែក​នឹង​បន្ត​ជំរុញ​ ដោយ​ការរក្សាបាន​តុល្យ​ភាព​នៃ​ផលិតកម្ម​ ដែល​បម្រើឱ្យ​តម្រូវការ​ក្នុងស្រុក និង​មួយផ្នែក​ទៀត គាំទ្រ​ដោយ​ការរំពឹងទុក​ កំណើន​ល្អប្រសើរ​នៃ​ផលិតកម្ម​ បម្រើឱ្យ​ការនាំចេញ​។

និន្នាការ​ល្អ​នៃ​តម្រូវការ​ខាងក្រៅ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នឹង​បន្ត​ជំរុញ​កំណើន​នៃ​អនុ​វិស័យនេះ លើ​ផ្នែក​ផលិតកម្ម​បម្រើការ​នាំចេញ ជាពិសេស​ទៅលើ ផលិតផល​សំខាន់ៗ​មួយចំនួន​រួម​មាន​បន្ទះ​សូ​ឡា​, សម្បក​កង់​, និង​ស្បែក​សត្វ​មាន​រោមជាដើម​។​

ការកើនឡើង​នៃ​គម្រោង​វិនិយោគ ​និង​ការពង្រីក​ការវិនិយោគ​នៅ​កម្ពុជា ត្រូវបានលោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជវបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា ការស្នើសុំ និង​ការអនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ​ជា​បន្ត​បន្ទាប់ ពី​សំណាក់​អាជ្ញាធរ​នា​រយៈពេល ៣-៤ ​ឆ្នាំ​ចុង​ក្រោយនេះ បានផ្តល់​ក្តីសង្ឃឹម​យ៉ាង​រឹង​មាំ​ចំពោះ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​។លោក​បន្តថា មូល​ហេតុដែល​កម្ពុជា​អាច​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ និង​ការពង្រីក​អាជីវកម្ម គឺ​ដោយសារ​មាន​កត្តា​សំខាន់ៗ​មួយចំនួន​ដូចជា ភាព​​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ ច្បាប់​វិនិយោគ​អំណោ​យផល និង​ជា​ពិសេស​កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​នាំ​ទំនិញ​ទៅ​ទីផ្សារ​ធំៗ ដូច​​ជា អាមេរិក កាណាដា និង​អឺរ៉ុប​។​

លោក​ថ្លែងថា “​ប្រាកដ​ណាស់​បើ​គ្មាន​ប្រធាន​ស័ក្តិ ​ណាមួយ​កើតឡើង គឺ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​២០២៤  ​នេះ​នឹង​បោះជំហាន​ទៅមុខ​យ៉ាង​រលូន ដោយ​ឈរ​នៅលើ​មូលដ្ឋាន​ នៃ​ការរីក​​ចម្រើន​ដ៏​ឆាប់រហ័ស​នៃ​វិស័យ​ឧស្សា​ហក​ម្ម និង​ការនាំចេញ​ទំនិញ​កាន់តែច្រើន​ទៅ​ទីផ្សារ​អន្តរជាតិ​”។ លោកបន្តថា សម្រាប់​វិស័យ​ផ្សេងៗ​ទៀត​ដូចជា ទេសចរណ៍ និង​កសិកម្ម ក៏​នឹងមាន​ភាពល្អប្រសើរ​ដែរ​ធៀប​នឹង​ឆ្នាំ ២០២៣។​

ជាមួយគ្នានេះ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ា លឹម ហេង បាន​ប្រាប់ថា ក្នុង​ឆ្នាំ​ ២០២៤ នេះ​វិស័យ​ឧស្សាហកម្ម​នឹង​នៅ​តែ​បន្ត​រីកចម្រើន​ទៅមុខ​បន្ថែមទៀត ពិសេស​ការនាំចេញ​ផលិតផ​ល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ ឧស្សាហកម្ម​កែច្នៃ ដែល​កម្ពុជា​បន្ត​ទទួលបាន​ភាព​ចំណេញ ​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេរភាគី​ជាមួយ​ប្រទេស​ចិន​ កូរ៉េខាងត្បូង និង​កិច្ចព្រមព្រៀង​RCEP ជាដើម​។

លោក​បន្តថា “ជាមួយគ្នានេះ​កម្ពុជា ​ក៏បាន​ទទួល​ប្រព័ន្ធ​អនុ​​គ្រោះ​ពន្ធ​នាំ​ចូលទៅ​ទីផ្សារ​ប្រទេស​ធំៗ​មួយចំនួនទៀត​ផងដែ​រ​”។​លោកបន្ថែមថា “​កត្តា​ភូមិសាស្ត្រ​នយោបាយ ច្បាប់​វិនិយោគ កម្លាំង​ពលកម្ម និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ នឹង​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​អ្នកវិនិយោគ​កាន់តែច្រើន ​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់​ ដើម្បី​ផលិត​បំពេញតម្រូវការ​ក្នុងស្រុក និង​នាំទៅ​ទីផ្សារ​អន្តរជាតិ”។​តំបន់​សេដ្ឋកិច្ច​ពិសេស​នឹង​ជួយ​ ទាក់​​ទាញ​ការវិនិយោគ​លើ​វិស័យ​ឧស្សាហ​កម្ម និង​រោងចក្រ​កាន់តែច្រើន​ ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន ដែល​កំពុង​សិក្សា​លទ្ធភាព​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​​ជប៉ុន​ លើ​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស កម្ពុជា​-​ជប៉ុន បាន​លើកឡើងថា តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ​ឱ្យមក​បើក​រោងចក្រ​ដើម្បី​ផលិត​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។

លោក​បន្តថា “បច្ចុប្បន្ន​មាន​វិនិយោគិន​ ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​កំពុង​បណ្តាក់ទុន​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​”។​លោកបានបង្ហើបថា​ “បច្ចុប្បន្ន​ខ្ញុំ​កំពុង​សិក្សា​ស៊ីជម្រៅ​ ជាមួយនឹង​វិនិយោគិន​ជប៉ុន​ដើម្បី​ស្វែងរក​ក្រុមហ៊ុន ​ដែលមាន​លទ្ធភាព​នៅក្នុង​ការ​កៀរគរ​ក្រុមហ៊ុន​ជប៉ុន​ដទៃទៀត​ ឱ្យ​ចូលមក​បើក​រោង​ចក្រ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន”។ ​

យោងតាម​ឯកសារ​ក្រសួង​សេដ្ឋកិច្ច ក្រៅពី​វិស័យ​ឧស្សាហកម្ម នៅក្នុង​ឆ្នាំ​២០២៤ នេះ​វិស័យ​សេវាកម្ម ត្រូវបាន​រំពឹង​នឹង​កើន៦,៩​ ភាគរយ និង​វិស័យ​កសិកម្មនឹងកើន១,១​ភាគរយ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here