ខេត្តពោធិសាត់ទទួលបានរោងចក្រទឹកស្អាតថ្មីមួយជាជំនួយ របស់មិត្តជប៉ុន

0

        ដោយៈ គង់ ម៉ាលីនណា

        ពោធិសាត់ៈ សមិទ្ធផលថ្មីសន្លាងមួយ ក្នុងទឹកដីខេត្តពោធិ៍សាត់ ត្រូវបានដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការកាលពីសប្តាហ៍មុន គឺរោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់។

ការបើកដំណើរការរោងចក្រផលិតទឹកស្អាតនេះ ដើម្បីដោះស្រា​យកំណើននៃតម្រូវការទឹកស្អាត និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅក្នុងខេត្តពោធិ៍សាត់ ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA។

រោងចក្រនេះ មានសមត្ថភាពផលិតបានចំនួន៦៦០០ម៉ែត្រគូប/ថ្ងៃ និងអាចជំរុញសមត្ថភាពផលិត ទឹកស្អាតរបស់រដ្ឋាករទឹពោធិ៍សាត់ដល់១៣,៨៦០ម៉ែត្រគូប/ថ្ងៃ។ ការណ៍នេះ នឹងបន្តពង្រឹងការចែកចាយទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដល់ប្រជាពលរដ្ឋជាង១៥,០០០គ្រួសារ នៅក្នុងក្រុងពោធិ៍​សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀង។

លោកហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា ទឹកស្អាត គឹជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់ របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាត ជូនដល់ប្រជាពលរដ្ឋកម្ពុជា ប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការ។

`      លោកបន្តថា ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដោយនៅក្នុងបញ្ចកោណទី២ មានកិច្ចការអាទិភាពចំនួន៥ ហើយការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពវិស័យទឹកស្អាត គឺជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានគោលដៅផ្តោតលើការបន្តកសាង ពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព តាមរយៈការបង្កើនប្រសិទ្ធភាព ហេដ្ឋារចនា​សម្ព័ន្ធគាំទ្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here