វិស័យឧស្សាហកម្មរំពឹងសម្រេចបានកំនើន៨,៥ភាគរយ ខណៈសំណង់មិនសូវមានសញ្ញាសុទិដ្ឋិនិយម

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ  កម្ពុជា​មានសុទិដ្ឋិនិយម​ឡើង​វិញចំពោះ​សេដ្ឋកិច្ច នៅឆ្នាំ២០២៤នេះ ដោយរដ្ឋាភិបាលរំពឹងថា កម្ពុជាអាចសម្រេចបានកំនើនសេដ្ឋកិច្ច៦,៦ភាគរយ។

ជាមួយនឹងការព្យាករណ៍ពោរពេញ ដោយសុទិដ្ឋិនិយមនេះ វិស័យ​សំខាន់ៗ​ចំនួន​​​៣ ត្រូវបាន​រំពឹង​ថា​មានកំណើន ល្អប្រសើរ​ឡើង​វិញ​ ប៉ុន្តែ​យើងសូម​លើក​យកវិស័យ​មួយ​ ដែលសំ​ខាន់​​​​មក​លម្អិតនៅពេលនេះនោះគឺវិស័យ​ឧស្សាហកម្ម។ នេះបើតាម​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៤ ។​

​របាយការណ៍​ដដែល​នេះ​បានបង្ហាញថា វិស័យឧស្សាហកម្ម​ រំពឹង​កើនឡើង​៨,៥%​ ដោយ​សារ​តែ​ការរំពឹងទុក​ការ​ងើបឡើង​វិញ ​នៃ​អនុវិស័យកាត់​ដេរ ស្របពេល​ដែល​អនុវិស័យ​កម្មន្ត​សាល​ មិន​មែន​កាត់​ដេរ​ នៅបន្ត​រក្សា​បានកំណើន​រឹងមាំ ខណៈ​ដែល​អនុវិស័យ​​សំណង់នៅ​បន្ត​មានកំណើនទាប។​អនុវិស័យ​កាត់​ដេរ ​រំពឹង​នឹង​មាននិន្នាការ​ងើបឡើងវិញ ដោយ​សារតែមានកំណើន តម្រូវការ​សាកលឡើងវិញ​ ជាពិសេស​បណ្ដា​ប្រទេស​ជាដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា រួមមាន សហ​រដ្ឋ​អា​មេរិក និងសហភាពអឺរ៉ុបជាដើម។​

ការ​ដាក់ចេញនូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យកាត់ដេរ ផលិត​ស្បែ​កជើង និងកាបូប​កម្ពុជាឆ្នាំ​២០២២-​២០២៧ ក៏ត្រូវ​បានរំពឹងថា​នឹង​ជួយ​ជំរុញ​បរិយាកាស​វិនិ​យោគ​ និងការ​ប្រកួ​តប្រជែង​បន្ថែម​ក្នុង​អនុវិស័យ​នេះ។

យ៉ាងណា​មិញ​ ភាពមិន​ប្រាកដ​ប្រជា​ខ្ពស់ ​នៃស្ថានភាព​សេដ្ឋកិច្ចសាកល ​ដែលនាំឱ្យមានភាព​រង្គោះ​រង្គើ​ត​ម្រូវ​ការ​​ខាងក្រៅ ​ជាពិសេស​ទីផ្សារ​សំខាន់ៗ​របស់កម្ពុជា ​រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាច​នឹង​បង្កជា​បច្ច័យ​អវិជ្ជមាន ​ដល់អនុវិស័យ​នេះផងដែរ។

របាយការណ៍​ដដែលបានបង្ហាញបន្ថែមថា និន្នាការ​ល្អនៃតម្រូវការ​ខាង​ក្រៅ ​និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នឹង​បន្ត​ជំរុញកំនើន​​នៃអនុវិស័យ​នេះ លើ​ផ្នែក​ផលិតកម្ម​បម្រើ​ការ​​នាំចេញ ជាពិសេស​ទៅលើផលិតផល​សំខាន់ៗ​មួយចំនួន​ ដូចជា ​បន្ទះសូឡា សំបក​កង់ និងស្បែកសត្វ​មានរោម​ជាដើម ។​ ​

ការ​ដាក់ចេញនូវ​ច្បាប់​ស្ដីពី ​វិនិ​យោ​គ​​​​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នឹង​អាច​រួម​ចំណែក​ បង្កើន​បរិយាកាស​វិនិយោគ ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់​ទាញ​​ និ​ង​​​ប្រសើរ​ជាងមុន។

ដោយឡែក វិស័យសំណង់​​ត្រូវ​បាន​រំពឹង​ថា ​​នឹង​បន្ត​មានកំណើន​ទាបជាង​និន្នាការ​ជា​ធម្មតា ដោយសារការ​រំពឹងទុក​ងើបឡើងវិញ​យឺត​នៃរំហូរ​ទុនវិនិយោគ​ពីបរទេស ជាពិសេស​សម្រាប់​សំ​ណ​ង់​​​​​​ថ្លៃ​ខ្ពស់ ក៏ដូចជា​សំណង់​​បម្រើ​ឱ្យវិស័យ​ទេសចរណ៍ និងពាណិជ្ជកម្ម​ ស្របពេ​លដែ​លស​ក​ម្មភា​ព​សំ​ណ​​ង់​​លំ​នៅឋាន ក៏ត្រូវ​បានរំពឹងថា​នៅបន្ត​រក្សា​កំណើន ប៉ុន្តែស្ថិតនៅក្នុង​កម្រិត​ទាប។

កាលពី​ចុងឆ្នាំ​២០២៣​កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​ចេញវិញ្ញា​បនបត្រ​អនុញ្ញាត ឱ្យ​វិនិយោគលើ​រោងចក្រ​ឧស្សាហកម្ម​ជា​បន្តបន្ទាប់​ ជាពិសេស​ទៅលើ​រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់ និង រោងចក្រ​ផលិត​សម្ភារៈ​បម្រើដល់ការនាំចេញ។​

កំណើន​នៃការ​វិនិយោគ​ផ្នែកនេះ បានធ្វើឱ្យ​តម្រូវការ​ឃ្លាំង​ស្តុក និង​ដីស​ម្រាប់​សាងសង់ឃ្លាំង​រោងចក្រ ​និងឃ្លាំង​ស្តុក​មានការកើនឡើង​ខ្ពស់ ហើយក្នុងឱកាសនេះដែរ អ្នកវិនិយោគ​​ជាច្រើ​​ន​បានច្បាម​យកឱកាស​វិនិយោគលើឃ្លាំង ​ដើម្បីបំពេញដល់តម្រូវការទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here