ទីភ្នាក់ងារFitch Ratingsវាយតម្លៃថា កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងបន្តមានភាពរឹងមាំក្នុងឆ្នាំ២០២៤

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារ Fitch Ratings បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (Apac) ជាទូទៅនឹងនៅតែមានភាពរឹងមាំ ក្នុងឆ្នាំ២០២៤នេះ ជាពិសេសនៅក្នុងប្រទេស ឬទីផ្សារដែលកំពុងរីកចម្រើន (EMs)។

ទីភ្នាក់ងារវាយតម្លៃខាងលើបានរំពឹងថា ផលទុនជាតិសរុប (GDP) របស់ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម នឹងកើនឡើង៥% ឬលើសពី៥%  ខណៈសេដ្ឋកិច្ចរបស់ប្រទេសចិននឹងនៅតែមានភាពរឹងមាំ បើគិតតាមស្តង់ដាររបស់ប្រទេសដទៃទៀត។

ជាមួយគ្នានេះ ទីភ្នាក់ងារ Fitch Ratings បានបង្ហាញការរំពឹងទុកខុសគ្នា សម្រាប់វិស័យធនាគារ នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន(EM) និងទីផ្សារអភិវឌ្ឍន៍ (DM)។ទីភ្នាក់ងារ Fitch Ratings បានបន្តថា កំណើនសេដ្ឋកិច្ចនៅប្រទេស ឬទីផ្សារដែលកំពុងរីកចម្រើន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងជំរុញតម្រូវការប្រាក់កម្ចី និងកំណត់ផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានពីការដំឡើងអត្រាការប្រាក់ មកលើគុណភាពទ្រព្យសកម្ម។

ជាមួយគ្នានេះ ការកើនឡើងនៃអត្រាការប្រាក់ នឹងជះផលប៉ះពាល់ដល់វិស័យធនាគារ របស់ប្រទេសអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខ្លាំងជាងនៅក្នុងប្រទេសដែលកំពុងរីកចម្រើន។  Fitch Ratings រំពឹងថា អនុបាតប្រាក់កម្ចីដែលមិនដំណើរការរបស់ទីផ្សារ ឬប្រទេសអភិវឌ្ឍន៍នឹងរងសម្ពាធក្នុងឆ្នាំ២០២៤នេះ។

ទីភ្នាក់ងារវាយតម្លៃក៏បានកត់សម្គាល់ផងដែរថា ភាពតានតឹងរវាងចិន និងអាមេរិកបានធូរស្រាលនាពេលថ្មីៗនេះ ប៉ុន្តែទីភ្នាក់ងារនេះរំពឹងថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំង២ នឹងនៅតែមានបញ្ហាប្រឈម ដែលនឹងអាចនាំឱ្យក្រុមហ៊ុននានា បន្តធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេបន្ថែមទៀត។

ទីភ្នាក់ងារ Fitch Ratings បានគូសបញ្ជាក់ថា និន្នាការទាំងនេះអាចជាកត្តាសំខាន់មួយ សម្រាប់ទស្សនវិស័យក្នុងវិស័យជាច្រើន ជាពិសេសឧស្សាហកម្ម និងបច្ចេកវិទ្យា ហើយវាក៏អាចជះឥទ្ធិពលលើការវិនិយោគ និងចក្ខុវិស័យកំណើនសេដ្ឋកិច្ច របស់បណ្តាប្រទេសមួយចំនួនដូចជា សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាមផងដែរ។

លើសពីនេះ ទីភ្នាក់ងារ Fitch Ratings ក៏រំពឹងទុកថា កិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរប្រភពថាមពល នឹងបន្តជំរុញការវិនិយោគក្នុងវិស័យជាច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាវិស័យអគ្គិសនី ធនធា​នធម្មជាតិ រថយន្ត និងលោហៈ៕ប្រភព៖The edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here