ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកខេត្តកែប ព្រះសីហនុ កំពត និងកោះកុង ជារបៀងសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា។
លោកបានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកែប។លោកសាយ សំអាល់បានបន្តថា ដូច្នេះអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋត្រូវសហការគ្នាខិតខំអភិវឌ្ឍខ្លួន និងមានគំនិតច្នៃប្រឌិត ក្នុងការកែច្នៃនូវអ្វីដែលថ្មីប្លែក សម្រាប់ទាក់ទាញទេសចរ ឱ្យចូលមកទស្សនាក្នុងខេត្តរបស់ខ្លួន ដើម្បីជំរុញលំហូរចរន្តសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាទទួលបានប្រាក់ចំណូល ផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។
លោកសាយ សំអាល់បានបញ្ជាក់ពីទិសដៅ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់បញ្ហាទំនាស់ដីធ្លី និងការរៀបចំទីក្រុងឱ្យបានល្អ ដើម្បីប្រជាពលរដ្ឋមានសុខភាពល្អ មានស្នាមញញឹម មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងកូនចៅប្រជាពលរដ្ឋបានទៅសិក្សារៀនសូត្រ និងបន្តការសិក្សាថ្នាក់ឧត្តមសិក្សាព្រមទាំងមានអនាគតល្អគ្រប់ៗគ្នា៕