ប្រទេសអារ៉ាប៊ីសាអូឌីត ប្រកាសពីការប្រទះរកឃើញធនធានរ៉ែមាសដ៏ច្រើនបំផុតនៅក្នុងទឹកដីរបស់ខ្លួន

0

ដោយ: គង់ លាងហួរ

រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសពីការរកឃើញធនធានមាសដ៏ធំ នៅក្នុងប្រទេសរបស់ខ្លួន។  យោងតាមសេចក្តីប្រកាស ធនធានមាសជាច្រើន ត្រូវបានគេរកឃើញនៅតាមបណ្តោ​យភាគខាងត្បូងនៃអណ្តូងរ៉ែមាស Mansourah Massarah ដែលមានស្រាប់នៅក្នុងតំបន់ Makkah ។

ក្រុមហ៊ុនរុករករ៉ែអារ៉ាប៊ីសាអូឌីត (Maaden) បានប្រកាសពីការកំណត់អត្តសញ្ញាណឃើញ ស្រទាប់រ៉ែមាសជាច្រើននៅក្នុងដី ដែលបង្ហាញពីលទ្ធភាព នៃការពង្រីកសកម្មភាពរុករករ៉ែមាស នៅក្នុងតំបន់នេះ។ការរកឃើញនេះ តំណាងឱ្យលទ្ធផលជាក់ស្តែងដំបូង នៃគំនិតផ្តួចផ្តើមរុករករ៉ែរបស់ក្រុមហ៊ុន Maaden ដែលផ្តួចផ្តើមឡើងក្នុងឆ្នាំ២០២២ ជាមួយនឹងគោលដៅ ក្នុងការបង្កើតខ្សែសង្វាក់ផលិតកម្មមាស។

ដើម្បីឆ្លើយតបទៅនឹងការរកឃើញស្រទាប់រ៉ែទាំងនេះ ក្រុមហ៊ុន Maaden របស់រដ្ឋអារ៉ាប៊ីសាអូឌីត គ្រោងនឹងបង្កើនសកម្មភាពខួងនៅឆ្នាំ២០២៤នេះ នៅជុំវិញអណ្តូងរ៉ែ Mansourah Massarah ។លើសពីនេះ ក្រុមហ៊ុន Maaden បានបន្តពង្រីកការរុករករ៉ែបស់ខ្លួននៅក្នុងតំបន់ Jabal al-Ghadara និងតំបន់ Bir al-Tawila ដែលមានចម្ងាយ២៥គីឡូម៉ែត្រ ភាគខាងជើងនៃអណ្តូងរ៉ែ Mansourah Massarah។

លទ្ធផលនៃការខួងយករ៉ែជាវិជ្ជមាន នៅក្នុងតំបន់ទាំងនេះបង្ហាញពីសក្តានុពល និងឱកាសដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍខ្សែក្រវ៉ាត់មាសលំដាប់ពិភពលោកដ៏ធំមួយ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។គិតត្រឹមដំណាច់ឆ្នាំ២០២៣ អណ្តូងរ៉ែមាស Mansourah Massarah បានរាយការណ៍អំពីធនធានមាសជិត៧លានអោន និងសមត្ថភាពផលិតមាស បានចំនួន២៥០.០០០អោនក្នុងមួយឆ្នាំ៕ប្រភព៖The Times of india៕

LEAVE A REPLY

Please enter your comment!
Please enter your name here