ដោយ គង់ សូរិយា
ភ្នំពេញ៖ ជាមួយនឹងកំនើននៃការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋកាន់តែប្រសើរ ផ្លូវជាតិលេខ១បាននិងកំពុងទាក់ទាញការវិនិយោគបុរីកាន់តែច្រើន ដែលបច្ចុប្បន្នសំណង់បុរីលំនៅដ្ឋានធំៗមិនក្រោម១០នោះទេ បាននិងកំពុងវិនិយោគនៅតំបន់នេះ។
លោក អាន រ៉ាឌី អគ្គនាយកក្រុមហ៊ុនបុរីមង្គលភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា បុរីមង្គលភ្នំពេញ បាននិងកំពុងវិនិយោគសាងសង់គំរោងទី៥ នៅតាមបណ្តោយផ្លូវជាតិលេខ១ ហើយការសម្រេចចិត្តមកវិនិយោគនៅតំបន់នេះ ដោយសារតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិដ៏សំខាន់នេះ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានសាលារៀន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។
លោកបន្តថា “ជាមួយគ្នានេះ តំបន់នេះបានផ្តល់បរិយាកាសរស់នៅយ៉ាងប្រសើរ ដោយមានទន្លេនៅអមសងខាង មានសេវាកម្មរថយន្តសាធារណៈរបស់រដ្ឋ ដែលផ្តល់ឲ្យអ្នករស់នៅតំបន់នេះមានភាពងាយស្រួលនិងផាសុខភាព។
លោក អាន រ៉ាឌី បានបន្តថា រហូតមកទល់ពេលនេះ ការសាងសង់លំនៅដ្ឋានក្នុងបុរីមង្គលភ្នំពេញ ដែលមានផ្ទៃដី៥ហិកតា សម្រេចបាន៤០ភាគរយហើយ និងលក់អស់ប្រមាណ៦០ភាគរយផងដែរ។ លោកបន្តថា ផ្ទះក្នុងបុរីនេះមានបីប្រភេទដែលជាវីឡាកូនកាត់ ដូចជា ទំហំ៤,៣មគុណនឹង១៤,៥ម៉ែត្រ ទំហំ៤,៥គុណនឹង១៣ម៉ែត្រ និងទំហំ៥គុណនឹង៨ម៉ែត្រ។
វាជាប្រភេទផ្ទះខុសៗគ្នា ដែលត្រូវបានរចនាឡើងយ៉ាងប្រណីត និងទាន់សម័យ ដើម្បីផ្តល់ឲ្យអ្នករស់នៅមានផាសុខភាព។ លំនៅដ្ឋានក្នុងគំរោងនេះមានតម្លៃចាប់ពី ៧៦០០០ដុល្លារ ដល់ជាង១០ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទ ទំហំនិងទីតាំងផ្ទះនិមួយៗ។ បុរីបង្គលភ្នំពេញស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អតិថិជនចាប់អារម្មណ៍ទិញលំនៅដ្ឋានក្នុងបុរីនេះ អាចទំនាក់ទំនងតាមរយៈលេខទូស័ព្ទ ០៩៥ ៩០ ៩០ ៩០ / ០១៥ ៩០ ៩០ ៩០។
លោក អាន រ៉ាឌី បានបន្តឲ្យដឹងទៀតថា នេះជាគំរោងទី៥ហើយរបស់បុរីមង្គលភ្នំពេញ ដោយគំរោងពី១ដល់៤មុនបានលក់អស់យ៉ាងលឿន និងទទួលបានជោគជ័យ ដោយសារក្រុមហ៊ុនបានគិតគូជាចម្បងទៅលើគុណភាព សោភ័ណភាព ផាសុខភាព ពិសេសការកសាងផ្លូវក្នុងបុរីមានលក្ខណៈធំទូលាយ ដើម្បីសម្រួលការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ។
អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជាលោកយិន លាងគង់បានមានប្រសាសន៍ថា បន្ទាប់ពីការពង្រីកផ្លូវជាតិលេខ១បានបញ្ចប់ សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគសេវាកម្មនានានៅតាមបណ្តោយផ្លូវនេះកើនឡើង ដោយសារកត្តាភូមិសាស្រ្តកៀកនឹងកណ្តាលក្រុងភ្នំពេញ កំនើនប្រជាសាស្រ្តនៅតំបន់នេះកើនឡើង សេវាសាធារណៈកាន់តែប្រសើរ លក្ខខ័ណ្ឌអាកាសធាតុល្អ ដោយសារមានទន្លេអមសងខាង និងសណ្ឋានដីល្អប្រសើរផងដែរ។
លោកបន្តថា “ខ្ញុំគិតថានៅរយៈពេល ១០ឆ្នាំខាងមុខ គិតពីរាជធានីភ្នំពេញ ដល់តំបន់អ្នកលឿង នឹងក្លាយជាតំបន់លំនៅដ្ឋានឧស្សាហកម្ម ដរាបណាប្រទេសនៅតែមានសុខសន្តិភាព និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំដូចបច្ចុប្បន្ន”៕