វិនិយោគិនកូរ៉េចាប់អារម្មណ៍ពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពពាក់ព័ន្ឋ

0

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុន Camko Infracore បានជួបមន្រ្តីជាន់ខ្ពស់CDC ក្នុងគោលបំណងបង្កើនការឈ្វេងយល់ អំពីការលើកទឹកចិត្តលើគម្រោង ពង្រីកសកម្មភាពវិនិយោគ លើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ។

លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនអំពីវត្តមាននៃតុកូរ៉េ (Korea Desk) ដែលជាយន្តការជួរមុខ សម្រាប់ប្រចាំការផ្តល់កិច្ចសម្រួល និងផ្តល់សេវាវិនិយោគឯកជនប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈជូនវិនិយោគិនកូរ៉េ។លោកសួន សុផលបានជម្រាបជូនសមភាគី ដែលបានសម្តែងចំណាប់អារម្មណ៍ ក្នុងការបន្តពង្រីកខ្សែច្រវាក់ផលិតកម្ម នៅកម្ពុជាក្រោយទទួលបានជោគជ័យ ប្រកបដោយផ្លែផ្កាពីគម្រោងវិនិយោគរបស់ខ្លួនកាលពីពេលកន្លងទៅ។

លោកសួន សុផលក៏បានគូសរំលេចអំពី កញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់ និងគម្រោងពង្រីក នៃគម្រោងវិនិយោគមានលក្ខណសម្បត្តិ គ្រប់គ្រាន់ដែលជ្រកក្រោមរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់លើការលើកទឹកចិត្តមូលដ្ឋាន, ការលើកទឹកចិត្តបន្ថែម, និងការលើកទឹកចិត្តពិសេស។

លើសពីនេះ លោកបានឆ្លៀតយកឱកាស បំផុសគំនិតផ្តួចផ្តើមជូនតំណាងក្រុមហ៊ុន ដើម្បីពិនិត្យលទ្ធភាពរៀបចំ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ក្នុងគោលបំណងប្រែក្លាយទីតាំងនោះទៅជាបណ្តុំកម្រងឧស្សាហកម្ម (Industrial Cluster Complex) ដែលនឹងបម្រើសេចក្តីត្រូវការរបស់សហគ្រាស ដែលមានសែស្រឡាយពាក់ព័ន្ធ។
ជាការឆ្លើយតប សមភាគីកូរ៉េបានសម្តែង នូវសេចក្តីសោមន្សជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់នូវសេវាពិគ្រោះយោបល់ប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្ត។

ទន្ទឹមនឹងនេះ តំណាងក្រុមហ៊ុនបានសន្យាថា នឹងពាំនាំខ្លឹមសារនៃកិច្ចពិភាក្សាខាងលើ ទៅជម្រាបជូនថ្នាក់ដឹកនាំ នៃសហគ្រាសរបស់ខ្លួនដើម្បីជ្រាបជាព័ត៌មាន និងពិនិត្យសម្រេចជាគោលការណ៍មុននឹងរៀបចំដំណើរទស្សនកិច្ចការងារ មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here