រដ្ឋាភិបាលឡាវមានមហិច្ឆិតាក្លាយជាប្រភពផ្គត់ផ្គង់ថាមពលអគ្គិសនីដ៏ធំបំផុតនៅក្នុងតំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឡាវ កំពុងបង្កើនខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីជំរុញការនាំចេញថាមពលអគ្គិសនីរបស់ខ្លួន ទៅកាន់បណ្តាប្រទេសជិតខាង ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រទេសនេះ ក៏ជំរុញដល់ការអភិវឌ្ឍន៍ ប្រភពថាមពលកកើតឡើងវិញ ក្នុងគោលបំណងប្រែក្លាយខ្លួន ទៅជាប្រទេសផ្គត់ផ្គង់ប្រភពថាមពលដ៏ធំបំផុត នៅក្នុងតំបន់នាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានវៀតណាម VNA។

យោងតាមទិន្នន័យរបស់ក្រសួងថាមពល និងរ៉ែរបស់ប្រទេសឡាវ បានឱ្យដឹងថា បច្ចុប្បន្នប្រទេសនេះ មានរោងចក្រថាមពលចំនួន ៩៤ ដែលក្នុងនោះ រួមមានរោងចក្រវារីអគ្គិសនីចំនួន៨១កន្លែង ដែលមានសមត្ថភាពផលិតអគ្គិសនី សរុបជាង១១.៦០០មេហ្គាវ៉ាត់។កាលពីឆ្នាំ២០២១ ប្រទេសឡាវរកប្រាក់ចំណូលបានជាង២,៣ពាន់លានដុល្លារ ពីការនាំចេញថាមពលអគ្គិសនី ខណៈដែលប្រទេសនេះ ត្រូវចំណាយថវិកាត្រឹមតែជាង៤០លានដុល្លារប៉ុណ្ណោះ សម្រាប់ការនាំចូលអគ្គិសនីត្រលប់មកវិញ។ បច្ចុប្បន្ននេះ ប្រទេសឡាវ បានលក់អគ្គិសនីរបស់ខ្លួន ទៅកាន់ប្រទេសចំនួន៦ ក្នុងតំបន់អាស៊ាន ដូចជា ប្រទេសថៃ ចិន មីយ៉ាន់ម៉ា វៀតណាម កម្ពុជា និង​សិង្ហបុរី។

ជាមួយគ្នានេះ ប្រទេសឡាវគ្រោងនឹងបន្តការចរចាបន្ថែមទៀត ដើម្បីបង្កើនការនាំចេញ ថាមពលអគ្គិសនីរបស់ខ្លួន ហើយក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងវៀងច័ន្ទ បានជ្រើសរើសយកការអភិវ​ឌ្ឍន៍ប្រភពថាមពល ប្រកបដោយប្រសិទ្ធភាពខ្ពស់ គុណភាពល្អ ការវិនិយោគទាប និងភាពស៊ីសង្វាក់គ្នា ស្របជាមួយនឹងនិន្នាការបច្ចុប្បន្ន។

បច្ចុប្បន្ននេះគេសង្កេតឃើញថា រោងចក្រវារីអគ្គិសនីគ្របដណ្តប់ប្រហែល ៧០% នៃទិន្នផលអគ្គិសនីសរុបនៅក្នុងប្រទេសឡាវ ព្រមទាំងមានរោងចក្រថាមពល ដើរដោយខ្យល់ប្រហែល១០ផ្សេងទៀតផងដែរ។

កាលពីពេលថ្មីៗនេះ ប្រទេសឡាវ ក៏បានដំឡើងទួរប៊ីនដំបូងនៃគម្រោងថាមពលខ្យល់ ដែលមានកម្លាំងសរុបរហូតដល់៦០០មេហ្គាវ៉ាត់ នៅស្រុក Dakcheung ក្នុងខេត្ត Xekong ផងដែរ។

គម្រោងថ្មីនេះ ត្រូវបានគេចាត់ទុកថា ជារោងចក្រថាមពលខ្យល់ដ៏ធំបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទួរប៊ីនខ្យល់ចំនួន១៣៣ និងទុនវិនិយោគសរុបប្រមាណ៩០០លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here