ដោយ: គង់ លាងហួរ
អន្តរជាតិ: ការដាក់ចេញគោលនយោបាយ ប្រយុទ្ធប្រឆាំងនឹងអតិផរណារបស់សហរដ្ឋអាមេរិក តាមរយៈការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាល អាចនឹងត្រូវបានបញ្ចប់ ហើយការណ៍នេះនឹងជះផលវិជ្ជមាន ដល់សេដ្ឋកិច្ចរបស់ពិភពលោក។
ជាក់ស្តែង ការធ្លាក់ចុះយ៉ាងគំហុក នៃអត្រាអតិផរណានាពេលថ្មីៗនេះ បានជំរុញឱ្យធនាគារកណ្តាលអាមេរិក សម្រេចបញ្ឈប់ការដំឡើងអត្រាការប្រាក់ចំនួន៣លើកជាប់ៗគ្នា គិតត្រឹមកិច្ចប្រជុំគោលនយោបាយ ប្រចាំខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។
នៅពេលនេះ ក្រុមមន្ត្រីមួយចំនួនរបស់ធនាគារ Fed ថែមទាំងបានផ្តល់សញ្ញា ពីការកាត់បន្ថយអត្រាការប្រាក់ សម្រាប់ឆ្នាំ២០២៤ ហើយនេះជាលទ្ធផល ដែលនឹងតំណាងឱ្យការ ប្រកាសជ័យជម្នះក្នុងសង្គ្រាមប្រយុទ្ធជាមួយវិបត្តិអតិផរណា។ ចុះតើការបញ្ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក អាចជះឥទ្ធិពលបែបណាខ្លះដល់ពិភពលោក?។ ការបញ្ចុះអត្រាការប្រាក់របស់អាមេរិក អាចនឹងជះផលល្អ ទៅលើប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានប្រាក់ចំណូលទាប ខណៈដែលបណ្តាប្រទេសភាគច្រើន នៅទូទាំងពិភពលោក ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក សម្រាប់ដោះដូរពាណិជ្ជកម្ម។់
ចំណែក បណ្តាប្រទេសដែលជំពាក់បំណុលច្រើន នឹងទទួលផលវិជ្ជមាន ពីការបញ្ចុះអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ខណៈកាលពីអត្រាការប្រាក់នៅមានកម្រិតទាប បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបជាច្រើន បាននាំគ្នាខ្ចីបំណុលអន្តរជាតិ ដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន។ហេតុនេះ ការបញ្ចុះអត្រាការប្រាក់ នឹងធ្វើឱ្យរដ្ឋាភិបាលរបស់ប្រទេសនានា ងាយស្រួលទូទាត់សងបំណុលជាងមុន ខណៈបណ្តាប្រទេសក្រីក្រជាច្រើន កំពុងធ្លាក់ចូលទៅក្នុង “វិបត្តិបំណុល”។
កាលណាអត្រាការប្រាក់ធ្លាក់ចុះ វានឹងធ្វើឱ្យការខ្ចីប្រាក់កាន់តែចុះថោក។ ចំណែកអត្រាការប្រាក់លើកម្ចីទិញផ្ទះ ដែលបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល២ទសវត្សរ៍ ក្នុងរង្វង់ជិត៨% នឹងបន្តថយចុះមកវិញ ហើយការផ្តល់ប្រាក់កម្ចីអាជីវកម្ម នឹងមានតម្លៃថោក ដោយបង្កើនប្រាក់ចំណេញសាជីវកម្ម ដែលធ្វើឱ្យការវិនិយោគភាគហ៊ុនកាន់តែមានភាពទាក់ទាញ។
ជាមួយគ្នានេះ វានឹងលុបបំបាត់ហានិភ័យ នៃវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន ដែលបណ្តាលមកពីការដំឡើង អត្រាការប្រាក់នាពេលកន្លងមកផងដែរ។
ជាក់ស្តែង ធនាគារកណ្តាលធំៗ ដូចជា ធនាគារ Fed ធនាគារកណ្តាលអង់គ្លេស និងធនាគារកណ្តាលអឺរ៉ុប បានព្យាយាមបន្ថយល្បឿនសេដ្ឋកិច្ចរៀងៗខ្លួន ដើម្បីកាត់បន្ថយអតិផរណា តាមរយៈការបង្កើនអត្រាការប្រាក់នាពេលកន្លងទៅ។
ក្រុមអ្នកវិភាគនៅធនាគារវិនិយោគ Goldman Sachs បានរំពឹងទុកថា ការកាត់បន្ថយអត្រាការប្រាក់ នឹងចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៤នេះ ហើយពួកគេក៏បានបង្កើនការព្យាករណ៍ សម្រាប់កំណើនសេដ្ឋកិច្ចអាមេរិកផងដែរ។
បន្ថែមពីលើនេះ ការកាត់បន្ថយអត្រាការប្រាក់ អាចធ្វើឱ្យតម្លៃកម្ចីថយចុះ ហើយអ្នកខ្ចីប្រាក់ ក៏ត្រូវចំណាយតិចជាងមុនផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើធនាគារកណ្ដាល បង្កើនអត្រាការប្រាក់ នោះ អ្នកត្រូវការកម្ចីផ្ទាល់ខ្លួន កម្ចីទិញផ្ទះ ឬកម្ចីទិញរថយន្ដ នឹងត្រូវចំណាយច្រើនជាងមុន។
ម្យ៉ាងវិញទៀត កាលណាធនាគារកណ្តាលអាមេរិក(Federal Reserve) បញ្ចុះអត្រាការប្រាក់ នោះវានឹងធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃចុះ ដែលជារឿងល្អ សម្រាប់ទីផ្សារប្តូរប្រាក់អន្តរជាតិ។ តួយ៉ាង រូបិយប័ណ្ណសំខាន់ៗមួយចំនួន ដូចជា ប្រាក់អឺរ៉ូ ប្រាក់យ័ន និងប្រាក់យ៉េន ត្រូវបានគេរំពឹងថា នឹងងើបឡើងថ្លៃឡើងវិញធៀបនឹងប្រាក់ដុល្លារ។
កាលណាដែលប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃចុះ វានឹងមានផលល្អសម្រាប់កំណើនពាណិជ្ជកម្មសកល ដោយសារប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណស្តេច នៅក្នុងពាណិជ្ជកម្មរបស់ពិភពលោក និងកាន់កាប់អំណាចទិញច្រើនបំផុត។
ផ្ទុយទៅវិញ នៅពេលដែលប្រាក់ដុល្លារហក់ឡើងថ្លៃ រូបិយប័ណ្ណផ្សេងទៀត នឹងធ្លាក់ថ្លៃចុះយ៉ាងគំហុក ដែលធ្វើឲ្យពិភពលោកកាន់តែក្រីក្រ និងមិនសូវមានលទ្ធភាពធ្វើពាណិជ្ជកម្មឡើយ។
សរុបមក ប្រសិនបើធនាគារកណ្តាលអាមេរិក បញ្ចុះអត្រាការប្រាក់ មែននោះ វាជារឿងល្អ ខណៈប្រទេសជាច្រើន ដែលកំពុង ប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ជាប់គាំង កំពុងត្រូវការលំហូរមូលធន ដែលមានអត្រាការប្រាក់ទាប៕