ឥណ្ឌូនេស៊ីគ្រោងសាងសង់ជញ្ជាំងសមុទ្រខ្នាតយក្សតម្លៃ១០,៥ពាន់លានដុល្លារ ដើម្បីការពារទឹកជំនន់ក្នុងរដ្ឋធានីហ្សាកាតា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ី កំពុងស្តារឡើងវិញនូវផែនការសាងសង់ជញ្ជាំងសមុទ្រខ្នាតយក្សមួយ ដែលជាវិធានការថ្មី ដើម្បីការពាររដ្ឋធានីហ្សាកាតារបស់ខ្លួន ពីការលិចទឹកជំនន់លឿនពេក។

លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចបានថ្លែងថា គម្រោងនេះនឹងតម្រូវឱ្យមានការសាងសង់ ចែកចេញជា៣ដំណាក់កាល ដែលបន្តអូសបន្លាយរហូតដល់ឆ្នាំ២០៤០។ លោករដ្ឋមន្ត្រីបានបន្តថា ដំណាក់កាលដំបូងចំនួន២ ត្រូវការថវិកា​ចំនួន១៦៤ទ្រីលានរូពៀ (ប្រហែល១០,៥ពាន់លានដុល្លារ) ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ថា ដំណាក់​កាល​ទី​៣​ត្រូវ​ការ​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ។

គំនិតនេះត្រូវបានគេបោះចោល អស់រយៈពេលជាង១ទស្សវត្សរ៍កន្លងមកហើយ។ ប៉ុន្តែសំណើសាងសង់ជញ្ជាំងសមុទ្រនេះ ត្រូវបានសសិក្សាឡើងវិញនាពេលថ្មីៗនេះ ខណៈទីក្រុងហ្សាកាតាបានក្លាយជាទីក្រុងមួយ ដែលងាយលិចទឹកយ៉ាងលឿន ជាងគេបំផុតនៅលើពិភពលោក។

ក្រុមអ្នកជំនាញបានធ្វើការព្យាករណ៍ថា មួយភាគបីនៃរដ្ឋធានីហ្សាការតា អាចនឹងលិចទឹកជំនន់នៅឆ្នាំ២០៥០ ប្រសិនបើបញ្ហាត្រូវបានទុកចោល ដោយមិនបានត្រួតពិនិត្យ។

ទឹកជំនន់នៅទីក្រុងហ្សាកាតា ត្រូវបានគេប៉ាន់ប្រមាណថា នឹងបណ្តាលឱ្យមានការខាតបង់ ក្នុងទំហំទឹកប្រាក់ចំនួន២,១ទ្រីលានរូពៀក្នុងមួយឆ្នាំ ដែលការខាតបង់នេះ អាចកើនឡើងដល់១០ទ្រីលានរូពៀក្នុងមួយឆ្នាំ នៅទសវត្សរ៍ក្រោយ។

ដើម្បីពន្យឺតការលិចទឹក និងបន្ធូរបន្ថយសម្ពាធលើទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានរឹតបន្តឹងការទាញយកទឹកក្រោមដី។ ជាពិសេស រដ្ឋាភិបាល​ក៏​កំពុង​បង្កើត​រដ្ឋធានី​ថ្មី​ ​តម្លៃ៣៤ពាន់​លាន​ដុល្លារ​ ដែល​មានឈ្មោះហៅ​ថា Nusantara នៅ​លើ​កោះ Borneo ផងដែរ៕ប្រភព៖Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here