ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ៨៦ ក្នុងសន្ទស្សន៍លិខិតឆ្លងដែន ឬប៉ាស្ព័រសកល (The Henly Passport Index) សម្រាប់ឆ្នាំ២០២៤នេះ។
ផ្អែកតាមសន្ទស្សន៍នេះ ពលរដ្ឋកម្ពុជាដែលកាន់លិខិតឆ្លងដែនកម្ពុជា អាចធ្វើដំណើរចេញចូលក្នុងប្រទេស ឬគោលដៅធ្វើដំណើរសរុបចំនួន៥៦ ក្នុងចំណោមប្រទេស ឬគោលដៅធ្វើដំណើរសរុបចំនួន២២៧ នៅទូទាំងពិភពលោក ដោយពុំចាំបាច់សុំទិដ្ឋាការ។
រីឯ ប្រទេសដែលជាប់លេខ១ ខាងលិខិតឆ្លងដែនមានឥទ្ធិពលខ្លាំងជាងគេបំផុតនៅលើពិភពលោក គឺប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី សិង្ហបុរី អេស្ប៉ាញ និងជប៉ុន ដែលពលរដ្ឋកាន់លិខិតឆ្លងដែនរបស់ប្រទេសទាំងនេះ អាចធ្វើដំណើរចេញចូល ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការទៅកាន់ប្រទេស ឬគោលដៅធ្វើដំណើរចំនួន១៩៤ នៅទូទាំងពិភពលោក។ចំណែក ប្រទេសហ្វាំងឡង់ ស៊ុតអែត និងកូរ៉េខាងត្បូង ឈរនៅលេខរៀងទី២ ដែលពលរដ្ឋកាន់លិខិតឆ្លងដែន នៃប្រទេសទាំងនេះ អាចធ្វើដំណើរចេញចូល ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ ទៅកាន់ប្រទេស ឬគោលដៅធ្វើដំណើរចំនួន១៩២ នៅទូទាំងពិភពលោក។
ដោយឡែក សហរដ្ឋអាមេរិកជាប់លេខ៧ ដែលពលរដ្ឋកាន់លិខិតឆ្លងដែនអាមេរិកាំង អាចធ្វើដំណើរទៅកាន់ប្រទេស ឬគោលដៅធ្វើដំណើរសរុបចំនួន១៨៨ ដោយពុំចាំបាច់សុំទិដ្ឋាការជាមុន ឬទិដ្ឋាការនៅពេលមកដល់។
ចំណែក ប្រទេសអាហ្វហ្កានីស្ថាន (Afghanistan) គឺជាប្រទេសជាប់ចំណាត់ថ្នាក់បាតតារាង លេខ១០៤ ដែលលិខិតឆ្លងដែនមានឥទ្ធិពលខ្សោយជាងគេបំផុតនៅលើពិភពលោក ខណៈពលរដ្ឋនៃប្រទេសនេះ អាចធ្វើដំណើរចេញចូលប្រទេស ឬគោលដៅតែ២៨ ប៉ុណ្ណោះ ដោយពុំចាំបាច់សុំទិដ្ឋាការ។
សន្ទស្សន៍លិខិតឆ្លងដែនសាកល ឬ The Henly Passport Index ធ្វើឡើងផ្អែកតាមទិន្នន័យទទួលបាន ពីអាជ្ញាធរដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)។
សន្ទស្សន៍នេះត្រូវបានធ្វើបច្ចុប្បន្នភាព ជារៀងរាល់ត្រីមាស ដោយវាយតម្លៃលើលិខិតឆ្លងដែន សរុបចំនួន១៩៩ និងគោលដៅធ្វើដំណើរសរុបចំនួន២២៧ នៅទូទាំងពិភពលោក៕