ដោយគង់ សូរិយា
ភ្នំពេញ៖ លោកឧកញ៉ាលី ហួរអគ្គនាយកនៃក្រុមហ៊ុនលី ហួរគ្រុបគ្រោងនឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះកប់ពពក ក្នុងគំរោងថ្មីរបស់ខ្លួននៅក្នុងខ័ណ្ឌសែនសុខរាជធានីភ្នំពេញ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា បច្ចុប្បន្នក្រុមហ៊ុនកំពុងឌីសាញ និងសិក្សាទីផ្សារជាក់លាក់ ដើម្បីចាប់ផ្តើមសាងសង់អាគារភ្លោះកប់ពពក នៅតំបន់ក្បែរផ្សារទំនើប AEON MALL2 នាពេលខាងមុខនេះ ដោយសារលោកមើលឃើញថា តំបន់នេះមានការរីកចម្រើនលឿន និងមានសក្តានុពលក្នុងការវិនិយោគគំរោងបែបនេះ។
លោកឧកញ៉ាបានបន្តថា គំរោងវិនិយោគនេះ ក្រៅពីមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុមហ៊ុនលោកក៏នឹងសាងសង់លំនៅដ្ឋានប្រភេទ Shop houseឬផ្ទះអាជីវកម្ម និងគំរោងផ្សេងៗផងដែរ។ ទោះជាយ៉ាងណាលោកឧកញ៉ាមិនទាន់បញ្ជាក់ឲ្យដឹងពីទុនវិនិយោគ និងកំពស់អាគារ និងចាប់ផ្តើមសាងសង់ពេលណាជាក់លាក់នៅឡើយទេ។
លោកឧកញ៉ាបានបន្តថា “ទីផ្សារលំនៅដ្ឋាននៅកម្ពុជា នៅតែមានភាពល្អប្រសើរ ហើយតម្លៃលំនៅដ្ឋានខ្ពស់ឬទាប វាអាស្រ័យលើទីតាំងរបស់គំរោង និងស្ថានភាពទីផ្សារ ជាក់ស្តែង”។ លោកបន្តថា “អាគារពាណិជ្ជកម្មនេះ នឹងរួមបញ្ចូលនូវខុនដូ ការិយាល័យ អាផាតម៉ិនជាដើម”។
បច្ចុប្បន្នលោកឧកញ៉ា លី ហួរ កំពុងវិនិយោគលើបុរីមួយឈ្មោះ បុរីវិមានភ្នំពេញដែលបានចាប់ផ្តើមនិងទទួលជោគជ័យជាច្រើនគំរោង ដោយសារការគាំទ្រពីអតិថិជន ព្រោះភាពស្មោះត្រង់ក្នុងអាជីវកម្ម គុណភាព សោភ័ណភាព និងផាសុខភាពសំរាប់ប្រជាពលរដ្ឋ។ ខ័ណ្ឌសែនសុខ ជាខ័ណ្ឌមានការរីកចម្រើនដ៏លឿនបំផុតមួយ បន្ទាប់ពីចំការមន ដូនពេញ ៧មករា និងខ័ណ្ឌទួលគោក៕