ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឡាវ និងកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការបង្កើនពាណិជ្ជកម្មថាមពល រវាងប្រទេសទាំងពីរ បន្ទាប់ពីបង្កើតខ្សែបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល នៅខេត្តចំប៉ាសាក់ភាគខាងត្បូងនៃប្រទេសឡាវ ទៅកាន់ព្រំដែនជាមួយកម្ពុជា។
បច្ចុប្បន្ន ប្រទេសឡាវ ផ្គត់ផ្គង់ថាមពលដល់កម្ពុជា តាមរយៈខ្សែបញ្ជូនអគ្គិសនី១១៥ គីឡូវ៉ុល រវាងខេត្តចំប៉ាសាក់ ប្រទេសឡាវ និងខេត្តស្ទឹងត្រែង ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែស្របពេលមានការអនុវត្តខ្សែបញ្ជូនអគ្គិសនីថ្មី៥០០គីឡូវ៉ុល ការផ្ទេរថាមពលត្រូវបានគេរំពឹងថា នឹងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។បច្ចុប្បន្ននេះ កម្ពុជាបាននាំចូលថាមពលអគ្គិសនី ពីប្រទេសឡាវប្រមាណ៤៤៥មេហ្គាវ៉ាត់ និងគ្រោងនាំចូលរហូតដល់ទៅ៦.០០០ មេហ្គាវ៉ាត់នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន កម្ពុជានាំចូលអគ្គិសនីចំនួន២៥ភាគរយ ពីប្រទេសឡាវ វៀតណាម និងថៃ។
ការជំរុញពាណិជ្ជកម្មអគ្គិសនីបន្ថែមទៀត រវាងប្រទេសទាំង២ បានលេចចេញជារូបរាងឡើង ស្របពេលដែលប្រទេសឡាវដាក់មហិច្ឆិតាប្រែក្លាយខ្លួនជា “ថ្មអាគុយរបស់តំបន់អាស៊ាន” ខណៈដែលកម្ពុជា កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញតម្រូវការអគ្គិសនី ដោយសារសេដ្ឋកិច្ច កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
គិតត្រឹមឆ្នាំ២០២២ ប្រទេសឡាវមានរោងចក្រថាមពលចំនួន៩៤ ដែលក្នុងនោះទំនប់វារីអគ្គីសនីចំនួន៨១ ដែលមានសមត្ថភាពដំឡើងសរុបជាង១១.៦០០មេហ្គាវ៉ាត់។
នៅឆ្នាំ២០២៩ ប្រទេសឡាវរំពឹងថា នឹងបង្កើតថាមពលអគ្គិសនីបន្ថែមចំនួន៥.៥៥៩មេហ្គាវ៉ាត់ ដោយ៧៧,៥៩ភាគរយនៃសមត្ថភាពផលិតបានប្រភពមកពីទំនប់វារីអគ្គិសនី។
ទោះបីជាប្រទេសឡាវពឹងផ្អែកខ្លាំង លើអគ្គិសនីពីទំនប់វារីអគ្គីសនីយ៉ាងណាក្តី ប៉ុន្តែប្រទេសនេះ ក៏កំពុងរួមបញ្ចូលទម្រង់ថាមពលកកើតឡើងវិញផ្សេងៗទៀតផងដែរ៕ប្រភព៖Laotian Times៕