ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោកជំទាវចម និម្មល បានលើកទឹកចិត្ត ឱ្យមានពិធីជួបជុំរវាងវិនិយោគិនកម្ពុជា -ចិនកាន់តែច្រើន និងទៀងទាត់បន្ថែមទៀត។
បំណងនេះធ្វើឡើង ដើម្បីបង្កើនឱកាសឱ្យមានការចាប់ដៃគូធុរកិច្ច និងទាក់ទាញវិនិយោគិនចិន ឱ្យមកធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា កាន់តែច្រើនថែមទៀត ខណៈមានកិច្ចព្រមព្រៀងអាជីវកម្មចំនួន៩ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន។
កម្ពុជា-ចិនបានចុះកិច្ចព្រមព្រៀងអាជីវកម្មចំនួន៩ក្នុង “វេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន” ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា។
វេទិកានេះមានការចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Zheng Yuandong អគ្គលេខាធិការរងនៃរដ្ឋាភិបាលប្រជាជននៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោកស្រី Zheng Ling អភិបាលរងទីក្រុងប៉ីហាយ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ព្រមទាំងគណៈប្រតិភូរដ្ឋាភិបាល តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងវិនិយោគិន-ធុរជនកម្ពុជានិងចិនជាច្រើនរូប។
កិច្ចព្រមព្រៀងអាជីវកម្មចំនួន៩ ដែលបានចុះហត្ថលេខារវាងក្រុមហ៊ុនកម្ពុជា និងចិន មានក្នុងវិស័យសំខាន់ៗ ដូចជា ថាមពលថ្មី វិស័យកាត់ដេរ ការកែច្នៃ និងជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក៏ដូចជាផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ។
លោកស្រី ចម និម្មល បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចំពោះកិច្ចដើម្បីសិក្សា និងជំរុញការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន របស់ក្រសួងពាណិជ្ជកម្ម និងក្រុមការងាររបស់តំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។
លោកស្រីបានបន្តថា វេទិកានេះពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញពន្លឿន ការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ទាំងនៅកម្ពុជា និងនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការកសាងសួនឧស្សាហកម្មកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខា ដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោកស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
លោកស្រីបានបន្ថែមថា តាមរយៈវេទិកានេះ ក្រសួងពាណិជ្ជកម្មសូមលើកទឹកចិត្ត ឱ្យក្រុមការងារចម្រុះសាងសង់សួន ឧស្សាហកម្មកម្ពុជា-ចិន ជួបប្រជុំពិភាក្សាឱ្យបានទៀងទាត់ និងញឹកញាប់ដោយកំណត់ផែនការសកម្មភាពឱ្យបានជាក់លាក់ ដើម្បីអាចសម្រេចបានតាមផែនការដែលបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនានាឱ្យបានជាប្រចាំ និងញឹកញាប់ទាំងនៅកម្ពុជានិងនៅចិន ដើម្បីបង្កើនឱកាសក្នុងការចាប់ដៃគូធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញនិងលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្ម ឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា។
កម្ពុជាមានវិស័យមានសក្តានុពលជាច្រើន ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅប្រទេសចិន ដូចជា កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម សំដៅបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកស្រីចម និម្មល បានថ្លែងថា “ខ្ញុំសូមលើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរ ទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសទាំងពីរជាសមាជិក ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលទើបបញ្ចប់ការចរចាដំឡើងកម្រិត និងគ្រោងចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ និងជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន ដែលគណៈកម្មការចម្រុះនៃប្រទេសទាំងពីរ គ្រោងនឹងជួបប្រជុំលើកទី២ នៅដើមខែកញ្ញា ឆ្នាំ២០២៥ នេះ”។
បច្ចុប្បន្នចិន គឺជាអ្នកវិនិយោគឈានមុខគេនៅកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍនន៍កម្ពុជា(CDC) បានអនុម័តឱ្យគម្រោងវិនិយោគចំនួន៤១៤គម្រោង កើនឡើង៥៤ភាគរយ(១៤៦ គម្រោង) បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន២៦៨គម្រោង។
សម្រាប់ទុនវិនិយោគ គឺមានទឹកប្រាក់សរុប៦,៩ ពាន់លានដុល្លារ កើនឡើង៤០ភាគរយ ពីចំនួន៤,៩២ពាន់លានដុល្លារ។ ប្រភពទុនវិនិយោគមកពីប្រទេសចិន មានចំនួនច្រើនជាងគេ គឺប្រមាណ ៤៩,៨២ភាគរយ តាមពីក្រោយដោយវិនិយោគិនកម្ពុជា ៣៣,៨១% ក្រៅពីនោះមានដូចជា វៀតណាម, សិង្ហបុរី កោះCayman ម៉ាឡេស៊ី ជប៉ុននិងអាមេរិក ជាដើម។
ចំណែកទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា កាលពីឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា ជាមួយប្រទេសដៃគូទាំងអស់ មានទឹកប្រាក់ ៥៤,៧៤ពាន់លានដុល្លារ កើនឡើង១៦,៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣។ ដោយក្នុងនោះទំនិញកម្ពុជានាំចេញ ទៅក្រៅប្រទេសមានទឹកប្រាក់២៦,២ពាន់លានដុល្លារ កើនឡើង១៥,៧ភាគរយ និងការនាំចូលមានទឹកប្រាក់២៨,៥៤ពាន់លានដុល្លារ កើនឡើង១៨ភាគរយ។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយមានទឹកប្រាក់សរុប១៥,១៩ ពាន់លានដុល្លារ កើនឡើង២៣,៨% ធៀបឆ្នាំ២០២៣ ក្នុងនោះកម្ពុជានាំទំនិញទៅចិន១,៧៥ ពាន់លានដុល្លារ កើន១៨,៤% និងចិននាំចូល១៣,៤៤ ពាន់លានដុល្លារ កើនឡើង ២៤,៦%៕