ដោយ: គង់ លាងហួរ
បាងកក: បណ្តាទីភ្នាក់ងាររដ្ឋថៃបានលើកឡើងថា កម្ពុជា គឺជាឱកាសថ្មី សម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់ថៃ ដើម្បីពង្រីកដៃគូពាណិជ្ជកម្ម ដោយសារកម្ពុជាសម្រេចបាន កំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើននៃគម្រោងវិនិយោគ។
នៅឆ្នាំនេះ ក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មថៃ និងការិយាល័យលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ហៅកាត់ថា OSMEP បានចាប់ដៃគូជាមួយក្រុមហ៊ុន Index Creative Village ដើម្បីចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិចំនួន៣នៅក្នុងប្រទេសកម្ពុជា។
ពិព័រណ៍ទាំងនោះ រួមមាន ពិព័រណ៍ Cambodia Architect & Dècor ឆ្នាំ២០២៤។ ពិព័រណ៍Cambodia Foodplus Expo ឆ្នាំ២០២៤ និងពិព័រណ៍សុខភាព និងសម្រស់កម្ពុជា ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។លោក Mek-Kreingkrai Kanjanapokin ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Index Creative Village បានលើកឡើងថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញមួយ ខណៈដែលផលទុនជាតិសរុបរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងជាង៦,៣% ដល់ទំហំ៣៥,១៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ប្រជាជនកម្ពុជានឹងកើនឡើង ដល់១៧,២លាននាក់ ដោយមនុស្សវ័យក្មេងមានអាយុជាមធ្យម២៤ឆ្នាំ។ លើសពីនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ រួមទាំងផ្សារទំនើប និងគម្រោងលំនៅដ្ឋាននៅកម្ពុជា ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
លោក Mek បានបន្តថា ដោយសារថៃមានទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ប្រទេសនេះមានអត្ថប្រយោជន៍ផ្នែកភស្តុភារ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា ហើយនៅឆ្នាំ២០២៤នេះ ប្រទេសទាំង២ កំពុងប្រារព្ធខួបលើកទី៧៤ នៃការបង្កើតទំនាក់ទំនងការទូតទ្វេរភាគី។លោក Mek បានបន្ថែមថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពិព័រណ៍សុខភាព និងសម្រស់ ដែលបានក្លាយជាពិព័រណ៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។
ចំណែក លោក Sanan Angubolkul ប្រធានក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មថៃបានមានប្រសាសន៍ឱ្យដឹងថា ពាណិជ្ជកម្មទ្វេរភាគីរវាងថៃ និងកម្ពុជា ត្រូវបានគេរំពឹងថា នឹងសម្រេចបានទំហំទឹកប្រាក់២០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ខាងមុខ។
លោកបានបញ្ជាក់បន្ថែមថា “នៅក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មថៃ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំវេទិកាធុរកិច្ចកម្ពុជា-ថៃ ឆ្នាំ២០២៤ ដោយបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ”៕ប្រភព:The Nation៕