ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋីអាមេរិកលោក Ray Dalio ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន Bridgewater Associates បានបញ្ជាក់ក្នុងការបង្ហោះសារ នៅលើបណ្តាញសង្គមនាពេលថ្មីៗនេះថា បញ្ហាប្រឈមរបស់ប្រទេសចិន គឺអាចគ្រប់គ្រងបាន និងដល់ពេលវេលាហើយ ដែលត្រូវទិញភាគហ៊ុនរបស់ប្រទេសចិន។
លោក Dalio ដែលបានបណ្តាក់ទុនវិនិយោគ នៅក្នុងទីផ្សារភាគហ៊ុនរបស់ប្រទេសចិន អស់រយៈពេលជាង៤ទស្សវត្សរ៍កន្លងមក បានលើកឡើងថា “គ្មានទីផ្សារណា ដែលអាក្រក់នោះទេ មានតែការសម្រេចចិត្តមិនល្អប៉ុណ្ណោះ”។ លោកបន្ថែមថា “ខ្ញុំយល់ថា ទីផ្សារនៅក្នុងប្រទេសចិនគឺល្អ សម្រាប់ការសម្រេចចិត្តរបស់ខ្ញុំ”។
លោកបានបន្តថា “ការវិនិយោគនៅក្នុងប្រទេសចិន គឺជាភាពជោគជ័យមួយសម្រាប់ខ្ញុំ ហើយវាថែមទាំងបង្ហាញដល់បណ្តាវិនិយោគិនអំពីរបៀប ឬវិធីសាស្ត្រ ដែលពួកគេអាចប្រើប្រាស់ ដើម្បីទទួលបានលទ្ធផលល្អ ទាំងនៅក្នុងទីផ្សារខ្លាឃ្មុំ និងទីផ្សារគោ តាមរយៈការធ្វើពិពិធកម្មផលប័ត្រដ៏ឆ្លាតវៃ”។ទីផ្សារគោ (Bull Market) និងទីផ្សារខ្លាឃ្មុំ (Bear Market) ត្រូវបានគេប្រើ ដើម្បីបរិយាយពីស្ថានភាព នៃទីផ្សារហិរញ្ញវត្ថុឬទីផ្សារភាគហ៊ុន។
អ្នកជំនាញបានជ្រើសរើសពាក្យ “ទីផ្សារគោ ឬBull Market” និង “ទីផ្សារខ្លាឃ្មុំ ឬ Bear Market” មកប្រៀបធៀបអំពីរបៀបវាយប្រហារនៃសត្វទាំង២ ទៅនឹងភាពឡើងចុះនៃទីផ្សារ។
សត្វខ្លាឃ្មុំ ចូលចិត្តអូសក្រចកចុះក្រោម នៅពេលវាយប្រហារ ដែលឆ្លុះបញ្ចាំងពីតម្លៃភាគហ៊ុនធ្លាក់ថ្លៃចុះ គេឱ្យឈ្មោះថា “ទីផ្សារខ្លាឃ្មុំ”។ រីឯសត្វគោវិញ ចូលចិត្តបោលទៅមុខ និងជល់ឆ្កឹះឡើងលើ នៅពេលវាយប្រហារ ដូច្នេះនៅពេលដែលទីផ្សារភាគហ៊ុន ងើបឡើងថ្លៃ គេឱ្យឈ្មោះថា “ទីផ្សារគោ”។
លោក Dalio បានបញ្ជាក់បន្ថែមថា “ខ្ញុំនៅតែព្រួយបារម្ភអំពីបញ្ហារបស់ប្រទេសចិន ស្មើនឹងខ្ញុំព្រួយបារម្ភអំពីបញ្ហា នៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសផ្សេងទៀត ដែលខ្ញុំបណ្តាក់ទុនវិនិយោគ”៕ប្រភព:Xinhua៕