មហាសេដ្ឋីអាមេរិកមួយរូបបង្ហាញសុទិដ្ឋិនិយមចំពោះការវិនិយោគ នៅទីផ្សាររបស់ប្រទេសចិន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: មហាសេដ្ឋីអាមេរិកលោក Ray Dalio  ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន Bridgewater Associates បានបញ្ជាក់ក្នុងការបង្ហោះសារ នៅលើបណ្តាញសង្គមនាពេលថ្មីៗនេះថា បញ្ហាប្រឈមរបស់ប្រទេសចិន គឺអាចគ្រប់គ្រងបាន និងដល់ពេលវេលាហើយ ដែលត្រូវទិញភាគហ៊ុនរបស់ប្រទេសចិន។

លោក Dalio ដែលបានបណ្តាក់ទុនវិនិយោគ នៅក្នុងទីផ្សារភាគហ៊ុនរបស់ប្រទេសចិន អស់រយៈពេលជាង៤ទស្សវត្សរ៍កន្លងមក បានលើកឡើងថា “គ្មានទីផ្សារណា ដែលអាក្រក់នោះទេ មានតែការសម្រេ​ចចិត្តមិនល្អប៉ុណ្ណោះ”។ លោកបន្ថែមថា “ខ្ញុំយល់ថា ទីផ្សារនៅក្នុងប្រទេសចិនគឺល្អ សម្រាប់ការសម្រេចចិត្តរបស់ខ្ញុំ”។

លោកបានបន្តថា “ការវិនិយោគនៅក្នុងប្រទេសចិន គឺជាភាពជោគជ័យមួយសម្រាប់ខ្ញុំ ហើយវាថែមទាំងបង្ហាញដល់បណ្តាវិនិយោគិនអំពីរបៀប ឬវិធីសាស្ត្រ ដែលពួកគេអាចប្រើប្រាស់ ដើម្បីទទួលបានលទ្ធផលល្អ ទាំងនៅក្នុងទីផ្សារខ្លាឃ្មុំ និងទីផ្សារគោ តាមរយៈការធ្វើពិពិធកម្មផលប័ត្រដ៏ឆ្លាតវៃ”។ទី​ផ្សារ​គោ (​​Bull Market) ​និង​ទី​ផ្សារ​ខ្លាឃ្មុំ ​ (​​Bear Market) ​ត្រូវ​បាន​គេប្រើ​ ដើម្បី​បរិយាយ​ពី​ស្ថានភាព​ នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ឬ​ទី​ផ្សារ​ភាគ​ហ៊ុន​។

អ្នក​ជំនាញ​បានជ្រើសរើស​ពាក្យ “ទីផ្សារ​គោ ឬBull Market” និង “ទីផ្សារខ្លាឃ្មុំ ឬ Bear Market” មក​ប្រៀប​​ធៀប​អំពី​របៀប​វាយប្រហារ​នៃ​សត្វ​ទាំង២ ​ទៅនឹង​ភាព​ឡើង​​ចុះ​នៃ​ទីផ្សារ​។

សត្វ​ខ្លាឃ្មុំ ចូលចិត្ត​អូស​ក្រចក​ចុះក្រោម នៅពេល​វាយប្រហារ ដែល​ឆ្លុះបញ្ចាំង​ពី​តម្លៃ​ភាគហ៊ុន​ធ្លាក់ថ្លៃចុះ គេ​ឱ្យ​ឈ្មោះថា “ទីផ្សារ​ខ្លាឃ្មុំ​”។ រីឯ​សត្វ​គោ​វិញ ចូលចិត្ត​បោល​ទៅមុខ និង​ជល់​ឆ្កឹះ​ឡើងលើ​ នៅពេលវាយប្រហារ ដូច្នេះ​នៅពេលដែល​ទីផ្សារ​ភាគហ៊ុន ងើបឡើងថ្លៃ គេ​ឱ្យ​ឈ្មោះថា “ទីផ្សារ​គោ​”។

លោក Dalio បានបញ្ជាក់បន្ថែមថា “ខ្ញុំនៅតែព្រួយបារម្ភអំពីបញ្ហារបស់ប្រទេសចិន ស្មើនឹងខ្ញុំព្រួយបារម្ភអំពីបញ្ហា នៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសផ្សេងទៀត ដែលខ្ញុំបណ្តាក់ទុនវិនិយោគ”៕ប្រភព:Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here