តើអ្នកវិនិយោគចិនត្រលប់មកកម្ពុជាវិញហើយឬ ស្របពេលការស្វែងរកដីសម្រាប់កសិកម្ម និងឧស្សាហកម្មកើនឡើង

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដំណឹងពីការស្វែងរកទិញដីធំៗ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងដីកសិកម្មធំៗរាប់រយហិកតា បានលេចឡើងយ៉ាងច្រើន ក្នុងចំណោមក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនានា។

       ការស្វែងរកដីបានកើតឡើង និងដៅទៅកាន់តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ នៅតាមបណ្តោយផ្លូវជាតិលេខ៤ និងទីតាំងមួយចំនួនទៀត ដែលការលេចលឺព័ត៌មាននេះទំនងជាការពិត។

       ប៉ុន្តែអ្នកអភិវឌ្ឍន៍ខ្នាតមធ្យមមួយរូប បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះដោយលើកជាសំណួរថា តើអ្នកវិនិយោគចិនមកពីណា? និងពួកគេមកតាមរបៀបណា? ខណៈរដ្ឋាភិបាលចិនបានបន្តបិទលំហូរសាច់ប្រាក់ចេញក្រៅប្រទេស ក្នុងន័យជម្រុញឲ្យក្រុមហ៊ុនរបស់ខ្លួន ផ្តោតលើការវិនិយោគនៅក្នុងស្រុក ដើម្បីភាពរ៉ឹងមាំនៃសេដ្ឋកិច្ចរបស់ពួកគេ។

       លោកបន្តថា “វិនិយោគចិនអាចមកកាន់កម្ពុជាតិចតួច មិនអត់សោះនោះទេ ប៉ុន្តែសកម្មភាពនៃការស្វែងរកដី អាចជាយុទ្ឋសាស្រ្តរបស់អ្នកណាម្នាក់ ដើម្បីធ្វើឲ្យទីផ្សារដីធ្លីកំរើកឡើងវិញ”។ លោកបន្តថា “មានការសាកសួរច្រើន ប៉ុន្តែជាលទ្ឋផលដូចជា មិនមានការលេចចេញរូបរាងណាមួយជាដំកំភួននោះទេ”។

       ជាមួយគ្នានេះ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ ដែលជាអ្នកវិភាគនិងតាមដានក្នុងវិស័យអចលនវត្ថុ និងសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៧ មេសាថា ការលេចលឺព័ត៌មានពីការវិលត្រលប់របស់អ្នកវិនិយោគចិន ជាដំណឹងល្អមួយ ដែលយើងមិនអាចនិយាយថា ជាព័ត៌មានបំប៉ោងទាំងស្រុងទេ ជាក់ស្តែងក្នុងត្រីមាសទី១ឆ្នាំនេះ រដ្ឋាភិបាលបានអនុម័តទុនវិនិយោគ រហូតដល់ជាង២,២លានដុល្លារអាមេរិក។

       លោកបន្តថា “អ្នកវិនិយោគចិន នឹងហូរមកកាន់កម្ពុជាជាថ្មី ស្របពេលលោកវ៉ាង វិនធានឯកអគ្គរដ្ឋទូតចិន ធ្លាប់បានប្រកាសរួចហើយថា ចិននឹងបន្តជួយកម្ពុជារយៈពេល១០ឆ្នាំទៀត ដើម្បីជម្រុញការរីកចម្រើន និងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា”។ លោកបន្តថា “ប៉ុន្តែការមក​ដល់របស់អ្នកវិនិយោគចិន មិនមានសភាពគំហុកដូចពេលមុនឡើយ ហើយពួកគេ នឹងមិនផ្តោតលើវិស័យអចលនទ្រព្យ ក្នុងចំនួនច្រើនដូចមុនផងដែរ”។

       លោកយិន លាងគង់បានបន្តថា ទំនាក់ទំនងកាន់តែប្រសើររបស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានហុចផលរួចហើយដល់សេដ្ឋកិច្ច និងអចលនទ្រព្យនៅកម្ពុជា។ ហេតុនេះលំហូររបស់អ្នកវិនិយោគចិនមកកម្ពុជា មិនទំនងជាធ្វើឲ្យទីផ្សារអចលនទ្រព្យរីកចម្រើនខ្លាំងឡើយ ខណៈទីផ្សារនេះកំពុងជួបបញ្ហារួចទៅហើយ។

       លោកបន្តថា ការផ្អាកបញ្ចេញឥណទាន ក្នុងទំហំទឹកប្រាក់៥២ពាន់លានដុល្លាររបស់រដ្ឋាភិបាលចិន លើគំរោងខ្សែក្រវ៉ាត់ និងផ្លូវនៅជុំវិញពិភពលោក បាននិងកំពុងបង្កើតឲ្យមានការលើកឡើងជាសំណួ​រថា តើចិន កំពុងមានបញ្ហាអ្វីពិតប្រាកដ? តើចិននឹងបោះបង់សម្ព័ន្ឋមិត្តរបស់ខ្លួនចោលឬយ៉ាងណា? ចម្លើយ គឺចិនពិតជាមានមហិច្ឆតាធំណា​ស់​ ហេតុនេះចិននឹងមិនអាចបោះបង់ មហាមិត្តនានារបស់ខ្លួនឡើយ ព្រោះមហាអំណាចនេះ ត្រូវពង្រីកឥទ្ឋិពលបន្ថែមទៀតនៅក្នុងឆាកអន្តរជាតិ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here