ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដំណឹងពីការស្វែងរកទិញដីធំៗ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងដីកសិកម្មធំៗរាប់រយហិកតា បានលេចឡើងយ៉ាងច្រើន ក្នុងចំណោមក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនានា។
ការស្វែងរកដីបានកើតឡើង និងដៅទៅកាន់តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ នៅតាមបណ្តោយផ្លូវជាតិលេខ៤ និងទីតាំងមួយចំនួនទៀត ដែលការលេចលឺព័ត៌មាននេះទំនងជាការពិត។
ប៉ុន្តែអ្នកអភិវឌ្ឍន៍ខ្នាតមធ្យមមួយរូប បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះដោយលើកជាសំណួរថា តើអ្នកវិនិយោគចិនមកពីណា? និងពួកគេមកតាមរបៀបណា? ខណៈរដ្ឋាភិបាលចិនបានបន្តបិទលំហូរសាច់ប្រាក់ចេញក្រៅប្រទេស ក្នុងន័យជម្រុញឲ្យក្រុមហ៊ុនរបស់ខ្លួន ផ្តោតលើការវិនិយោគនៅក្នុងស្រុក ដើម្បីភាពរ៉ឹងមាំនៃសេដ្ឋកិច្ចរបស់ពួកគេ។
លោកបន្តថា “វិនិយោគចិនអាចមកកាន់កម្ពុជាតិចតួច មិនអត់សោះនោះទេ ប៉ុន្តែសកម្មភាពនៃការស្វែងរកដី អាចជាយុទ្ឋសាស្រ្តរបស់អ្នកណាម្នាក់ ដើម្បីធ្វើឲ្យទីផ្សារដីធ្លីកំរើកឡើងវិញ”។ លោកបន្តថា “មានការសាកសួរច្រើន ប៉ុន្តែជាលទ្ឋផលដូចជា មិនមានការលេចចេញរូបរាងណាមួយជាដំកំភួននោះទេ”។
ជាមួយគ្នានេះ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ ដែលជាអ្នកវិភាគនិងតាមដានក្នុងវិស័យអចលនវត្ថុ និងសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៧ មេសាថា ការលេចលឺព័ត៌មានពីការវិលត្រលប់របស់អ្នកវិនិយោគចិន ជាដំណឹងល្អមួយ ដែលយើងមិនអាចនិយាយថា ជាព័ត៌មានបំប៉ោងទាំងស្រុងទេ ជាក់ស្តែងក្នុងត្រីមាសទី១ឆ្នាំនេះ រដ្ឋាភិបាលបានអនុម័តទុនវិនិយោគ រហូតដល់ជាង២,២លានដុល្លារអាមេរិក។
លោកបន្តថា “អ្នកវិនិយោគចិន នឹងហូរមកកាន់កម្ពុជាជាថ្មី ស្របពេលលោកវ៉ាង វិនធានឯកអគ្គរដ្ឋទូតចិន ធ្លាប់បានប្រកាសរួចហើយថា ចិននឹងបន្តជួយកម្ពុជារយៈពេល១០ឆ្នាំទៀត ដើម្បីជម្រុញការរីកចម្រើន និងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា”។ លោកបន្តថា “ប៉ុន្តែការមកដល់របស់អ្នកវិនិយោគចិន មិនមានសភាពគំហុកដូចពេលមុនឡើយ ហើយពួកគេ នឹងមិនផ្តោតលើវិស័យអចលនទ្រព្យ ក្នុងចំនួនច្រើនដូចមុនផងដែរ”។
លោកយិន លាងគង់បានបន្តថា ទំនាក់ទំនងកាន់តែប្រសើររបស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានហុចផលរួចហើយដល់សេដ្ឋកិច្ច និងអចលនទ្រព្យនៅកម្ពុជា។ ហេតុនេះលំហូររបស់អ្នកវិនិយោគចិនមកកម្ពុជា មិនទំនងជាធ្វើឲ្យទីផ្សារអចលនទ្រព្យរីកចម្រើនខ្លាំងឡើយ ខណៈទីផ្សារនេះកំពុងជួបបញ្ហារួចទៅហើយ។
លោកបន្តថា ការផ្អាកបញ្ចេញឥណទាន ក្នុងទំហំទឹកប្រាក់៥២ពាន់លានដុល្លាររបស់រដ្ឋាភិបាលចិន លើគំរោងខ្សែក្រវ៉ាត់ និងផ្លូវនៅជុំវិញពិភពលោក បាននិងកំពុងបង្កើតឲ្យមានការលើកឡើងជាសំណួរថា តើចិន កំពុងមានបញ្ហាអ្វីពិតប្រាកដ? តើចិននឹងបោះបង់សម្ព័ន្ឋមិត្តរបស់ខ្លួនចោលឬយ៉ាងណា? ចម្លើយ គឺចិនពិតជាមានមហិច្ឆតាធំណាស់ ហេតុនេះចិននឹងមិនអាចបោះបង់ មហាមិត្តនានារបស់ខ្លួនឡើយ ព្រោះមហាអំណាចនេះ ត្រូវពង្រីកឥទ្ឋិពលបន្ថែមទៀតនៅក្នុងឆាកអន្តរជាតិ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន៕