នាយករដ្ឋមន្ត្រីជប៉ុនអះអាងថាពិភពលោកកំពុងឈានដល់ចំណុចរបត់ជាប្រវត្តិសាស្ត្រ

0

ដោយ: គង់ លាងហួរ

តូក្យូ: នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងប្រាប់សារពត៌មាន CNN ថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងរីករាលដាល បានជំរុញពិភពលោក ឈានទៅដល់ចំណុចរបត់ប្រវត្តិសាស្ត្រ និងកំពុងបង្ខំឱ្យប្រទេសជប៉ុន ផ្លាស់ប្តូរឥរិយាបថការពារជាតិរបស់ខ្លួន។

លោក Kishida បានថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅឯគេ​ហដ្ឋានឯកជនរបស់លោក នៅក្នុងទីក្រុងតូក្យូ ថា “ស្របពេលដែលយើងកំពុងមើលឃើញការឈ្លានពាន របស់ប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែន ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជា ស្ថានភាពនៅតំបន់អាស៊ីបូព៌ា យើងត្រូវប្រឈមមុខ នឹងចំណុចរបត់ប្រវត្តិសាស្ត្រមួយ”។

លោកបានបន្តថា នោះហើយជាមូលហេតុ ដែលជប៉ុនបានធ្វើការសម្រេចចិត្តពង្រឹង សមត្ថភាពការពារជាមូលដ្ឋានរបស់ខ្លួន ហើយយើងបានផ្លាស់ប្តូរ គោលនយោបាយយ៉ាងខ្លាំងក្លា ដើម្បីពង្រឹងសន្តិសុខរបស់ប្រទេសជប៉ុន។នៅចំពោះមុខបញ្ហាប្រឈមផ្នែកសន្តិសុខ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “សម្ព័ន្ធភាពជប៉ុន- សហរដ្ឋអាមេរិកកាន់តែមានសារៈសំខាន់ ដោយខ្ញុំសង្ឃឹមថា យើងនឹងទទួលបាននូវការគាំទ្រទ្វេរភាគីពីទីក្រុងវ៉ាស៊ីនតោន”។

លោក Kishida បានធ្វើការកត់សម្គាល់បែបនេះ ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលបើកកិច្ចប្រជុំជាមួយ លោកប្រធា​នាធិបតីអាមេរិក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន។

ជាមួយគ្នានេះ លោកគ្រោងនឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំរួមនៃសភា និងចូលរួមក្នុងកិច្ចប្រជុំកំពូលត្រីភាគី លើកដំបូងរវាងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន។កិច្ចប្រជុំកំពូលរវាងលោក Kishida និងលោក បៃដិន ត្រូវបានទីក្រុងវ៉ាស៊ីនតោន ចាត់ទុកជាឱកាសជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសទាំង២ ដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាពទ្វេរភាគី ខណៈសម្ព័ន្ធមិត្តទាំង២ កំពុងប្រឈមមុខ នឹងការគំរាមកំហែងនៅក្នុងតំបន់ រាប់ចាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ទំនាក់ទំនងដ៏តានតឹងជាមួយរុស្ស៊ី និងការវាតទីរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង និងការគំរាមកំហែងចំពោះកោះតៃវ៉ាន់។ភាពជាដៃគូជាមួយប្រទេសជប៉ុន គឺជាចំណុចកណ្តាលនៃយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាណាស់យូរមកហើយ ប៉ុន្តែទំនាក់ទំនងការពារជាតិ រវាងប្រទេសមហាអំណាចទាំង២នេះ ទើបតែត្រូវបានពង្រីក នៅក្រោមអាណត្តិដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida ប៉ុណ្ណោះ៕ប្រភព:CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here