ដោយ: គង់ លាងហួរ
តូក្យូ: នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងប្រាប់សារពត៌មាន CNN ថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងរីករាលដាល បានជំរុញពិភពលោក ឈានទៅដល់ចំណុចរបត់ប្រវត្តិសាស្ត្រ និងកំពុងបង្ខំឱ្យប្រទេសជប៉ុន ផ្លាស់ប្តូរឥរិយាបថការពារជាតិរបស់ខ្លួន។
លោក Kishida បានថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅឯគេហដ្ឋានឯកជនរបស់លោក នៅក្នុងទីក្រុងតូក្យូ ថា “ស្របពេលដែលយើងកំពុងមើលឃើញការឈ្លានពាន របស់ប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែន ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជា ស្ថានភាពនៅតំបន់អាស៊ីបូព៌ា យើងត្រូវប្រឈមមុខ នឹងចំណុចរបត់ប្រវត្តិសាស្ត្រមួយ”។
លោកបានបន្តថា នោះហើយជាមូលហេតុ ដែលជប៉ុនបានធ្វើការសម្រេចចិត្តពង្រឹង សមត្ថភាពការពារជាមូលដ្ឋានរបស់ខ្លួន ហើយយើងបានផ្លាស់ប្តូរ គោលនយោបាយយ៉ាងខ្លាំងក្លា ដើម្បីពង្រឹងសន្តិសុខរបស់ប្រទេសជប៉ុន។នៅចំពោះមុខបញ្ហាប្រឈមផ្នែកសន្តិសុខ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “សម្ព័ន្ធភាពជប៉ុន- សហរដ្ឋអាមេរិកកាន់តែមានសារៈសំខាន់ ដោយខ្ញុំសង្ឃឹមថា យើងនឹងទទួលបាននូវការគាំទ្រទ្វេរភាគីពីទីក្រុងវ៉ាស៊ីនតោន”។
លោក Kishida បានធ្វើការកត់សម្គាល់បែបនេះ ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលបើកកិច្ចប្រជុំជាមួយ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន។
ជាមួយគ្នានេះ លោកគ្រោងនឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំរួមនៃសភា និងចូលរួមក្នុងកិច្ចប្រជុំកំពូលត្រីភាគី លើកដំបូងរវាងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន។កិច្ចប្រជុំកំពូលរវាងលោក Kishida និងលោក បៃដិន ត្រូវបានទីក្រុងវ៉ាស៊ីនតោន ចាត់ទុកជាឱកាសជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសទាំង២ ដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាពទ្វេរភាគី ខណៈសម្ព័ន្ធមិត្តទាំង២ កំពុងប្រឈមមុខ នឹងការគំរាមកំហែងនៅក្នុងតំបន់ រាប់ចាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ទំនាក់ទំនងដ៏តានតឹងជាមួយរុស្ស៊ី និងការវាតទីរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង និងការគំរាមកំហែងចំពោះកោះតៃវ៉ាន់។
ភាពជាដៃគូជាមួយប្រទេសជប៉ុន គឺជាចំណុចកណ្តាលនៃយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាណាស់យូរមកហើយ ប៉ុន្តែទំនាក់ទំនងការពារជាតិ រវាងប្រទេសមហាអំណាចទាំង២នេះ ទើបតែត្រូវបានពង្រីក នៅក្រោមអាណត្តិដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida ប៉ុណ្ណោះ៕ប្រភព:CNN៕